ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាស លើសាលារៀនក្នុងទីក្រុងហ្គាហ្សា​ បណ្ដាលឧ្យមនុស្សស្លាប់​ និងរបួសជាង​ ៥០នាក់

xinhua

ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបានឧ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២២ នាក់បានស្លាប់ និង ៣០នាក់ ផ្សេងទៀតបានរងរបួសនៅថ្ងៃសៅរ៍នេះ​ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើលំនៅដ្ឋានសាលារៀនមួយកន្លែង ដែលបានផ្លាស់ទីលំនៅប្រជាជននៅភាគខាងត្បូងទីក្រុងហ្គាហ្សា។

អាជ្ញាធរសុខាភិបាលបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា សាលារៀននេះស្ថិតនៅក្នុងសង្កាត់ Zeitoun ហើយអ្នកស្លាប់បាត់បង់ជីវិតភាគច្រើនជាកុមារ និងស្ត្រី។

ប្រភពសន្តិសុខប៉ាឡេស្ទីនបានប្រាប់ស៊ិនហួ ថា យន្តហោះចម្បាំងអ៊ីស្រាអែលមួយគ្រឿងបានទម្លាក់គ្រាប់បែកលើសាលារៀនដោយមីស៊ីលមួយគ្រាប់​ បណ្ដាលឧ្យមានអ្នកស្លាប់និងរបួសច្រើនបែបនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល​ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់​ នៅតំបន់ហ្គាហ្សាបានចោទប្រកាន់កងទ័ពអ៊ីស្រាអែលថាបានប្រព្រឹត្ត “ការសម្លាប់រង្គាល។

សេចក្តីថ្លែងការណ៍នេះបានធ្វើឱ្យកងទ័ពអ៊ីស្រាអែល និងរដ្ឋបាលសហរដ្ឋអាមេរិក​ ទទួលខុសត្រូវទាំងស្រុង​ ចំពោះការបន្តនៃឧក្រិដ្ឋកម្មនេះ ហើយបាន​អំពាវនាវឱ្យសហគមន៍អន្តរជាតិបង្ខំអ៊ីស្រាអែលឱ្យបញ្ឈប់ឧក្រិដ្ឋកម្មរបស់ខ្លួន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top