ព័ត៌មានអន្តរជាតិ

រុស្ស៊ី មិនចូលរួម ក្នុងកិច្ចប្រជុំកំពូលស្វែង រកសន្តិសុខភាព អ៊ុយក្រែន ឡើយ

AFP

ម៉ូស្គូ៖ លោកស្រី Maria Zakharova  អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ប្រទេសរុស្ស៊ី នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលស្វែងរកសន្តិភាពលើកទី២ ដែលអាចកើតមាន សម្រាប់ប្រទេសអ៊ុយក្រែន ឡើយ ព្រោះថា វាមិនពាក់ព័ន្ធនឹងការដោះស្រាយ ជម្លោះនោះទេ ។

លោកស្រី Zakharova បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងផែនការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សម្រាប់កិច្ចប្រជុំកំពូល សន្តិភាពលើកទី២នៅក្នុងខែវិច្ឆិកា ជាកន្លែងដែលគាត់ មានបំណងអញ្ជើញតំណាងរុស្ស៊ី ដើម្បីចូលរួម ។

លោកស្រី បានឲ្យដឹង នៅលើគេហទំព័ររបស់ក្រសួងខាងលើថា “អ្នកតំណាងរុស្ស៊ី មិនបានចូលរួមក្នុងកិច្ចប្រជុំណា មួយក្រោមអ្វីដែលគេហៅថា ដំណើរការ Burgenstock ហើយមិនមានគម្រោង ធ្វើដូច្នេះឡើយ ។

លោកស្រីបានលើកឡើងទៀតថា កិច្ចប្រជុំកំពូលនេះ មានគោលបំណងលើក កម្ពស់រូបមន្តរបស់លោក Zelensky ដែលមិនអាចដំណើរការបាន ជាមូលដ្ឋានតែមួយគត់ សម្រាប់ការដោះស្រាយជម្លោះ ស្វែងរកការគាំទ្រពីអន្តរជាតិ និងប្រើប្រាស់កិច្ចប្រជុំកំពូល ជាវេទិកាមួយ ដើម្បីផ្តល់ឱសានវាទដល់ប្រទេសរុស្ស៊ី សម្រាប់ការចុះចាញ់សង្គ្រាម ។

លោកស្រី Zakharova បានក្រើនរំលឹកថា រុស្ស៊ី មិនបដិសេធដំណោះស្រាយ ការទូត ចំពោះវិបត្តិនោះទេ ហើយនៅតែបើកចំហ សម្រាប់ការពិភាក្សាលើសំណើដ៏ធ្ងន់ធ្ងរ ដែលឆ្លុះបញ្ចាំងពីស្ថានភាពនៅលើដែនដី ការវិវត្តន៍ការពិតភូមិសាស្ត្រនយោបាយ និងគំនិតផ្តួចផ្តើមដែលស្នើឡើង ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៤ ខែមិថុនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top