ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល វាយប្រហារ ទីតាំងសាលារៀន មួយកន្លែងក្នុងតំបន់ហ្គាហ្សា សម្លាប់មនុស្សអស់ ២១នាក់រួមទាំងកុមារ១៣នាក់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យ៉ាងហោចណាស់ មនុស្ស ២១ នាក់ រួមទាំងកុមារ ១៣ នាក់ ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតនៅក្នុងហេតុការណ៍ ការវាយប្រហារដោយ យន្តហោះគ្មានមនុស្ស បើករបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយ ដែលផ្តល់ជម្រកដល់ប្រជាជន ប៉ាឡេស្ទីន ដែលផ្លាស់ទីលំនៅ ក្នុងតំបន់ហ្គាហ្សា ។
យ៉ាងណាក្តីបើយោង តាមការអះអាងកង កម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ក្រុមហាម៉ាសបានប្រើប្រាស់ និងកំពុងប្រតិបត្តិការ ទីតាំងនេះជាមជ្ឈមណ្ឌលបញ្ជាកម្លាំងរបស់ខ្លួន។

ការវាយប្រហារនេះបានធ្វើឡើង នៅសាលា al-Falah ក្នុងសង្កាត់ Zeitoun នៃទីក្រុង Gaza កាលពីព្រឹកថ្ងៃសៅរ៍ហើយ បើយោងតាមការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ Gaza បានឱ្យដឹងថា ស្ត្រី ៦ នាក់ និងទារកអាយុ ៣ ខែក៏ស្ថិតក្នុងចំណោមជន រងគ្រោះផងដែរ។

ក្នុងនោះផងដែរមនុស្សយ៉ាងហោច ណាស់មនុស្ស៣០នាក់ ត្រូវបានរាយការណ៍ថាបានរងរបួស និង២នាក់ទៀត មិនត្រូវបានរាប់បញ្ចូលក្នុងអ្វី ដែលរដ្ឋាភិបាល នេះហៅថា ការសម្លាប់រង្គាល ដ៏គួរឱ្យរន្ធត់នេះទេ ។

រំលឹកឡើងវិញដែរថាក្រុមហាម៉ាស់ បានបើកការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើអ៊ីស្រាអែល កាលពីខែតុលាឆ្នាំមុន ដោយបានសម្លាប់មនុស្សប្រហែល ១,១០០ នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់ត្រឡប់ទៅតំបន់ហ្គាហ្សាវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top