បេរ៉ាត់៖ នៅថ្ងៃអាទិត្យនេះ អ៊ីស្រាអ៊ែល និង លីបង់ បានផ្ទុះការបាញ់ប្រហារគ្នាយ៉ាងធ្ងន់ធ្ងរ ដោយយន្តហោះចម្បាំង របស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកយ៉ាង ខ្លាំងក្លាបំផុតក្នុងរយៈពេលជិត១ឆ្នាំ នៃសង្រ្គាមនៅទូទាំងភាគខាងត្បូង នៃប្រទេសលីបង់ ខណៈក្រុមហេសបូឡាហ៍ បានអះអាងពីការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ទៅលើគោលដៅយោធា នៅភាគខាងជើងរបស់ប្រទេស អ៊ីស្រាអ៊ែល ។
យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា ខ្លួនបានវាយបើកការប្រហារ ទៅលើគោលដៅប្រហែល២៩០កាលពីថ្ងៃសៅរ៍ រួមទាំងឧបករណ៍បាញ់ គ្រាប់រ៉ុក្កែត របស់ក្រុមហេបូឡាហ៍ រាប់ពាន់ដើម ហើយបានបញ្ជាក់ថា ខ្លួននឹងបន្តវាយប្រហារ ទៅលើគោលដៅ នៃចលនាគាំទ្រ ដោយអ៊ីរ៉ង់នេះ ។
អ៊ីស្រាអ៊ែល បានបិទសាលារៀន និងរឹតបន្តឹងការប្រមូលផ្តុំនៅក្នុងតំបន់ភាគខាងជើង ជាច្រើននៃប្រទេស និងតំបន់ Golan Heights ដែលកាន់កាប់ ដោយប្រទេសអ៊ីស្រាអ៊ែល នៅព្រឹកថ្ងៃអាទិត្យនេះ ។
យោធាបានបញ្ជាក់ថា ស៊ីរ៉ែនបានបន្លឺឡើង ពេញមួយយប់ នៅគ្រាដែលគ្រាប់រ៉ុក្កែត និងមីស៊ីលជាច្រើនត្រូវបានបាញ់ ចេញពីប្រទេសលីបង់ និងអ៊ីរ៉ាក់ ដែលភាគច្រើនត្រូវបានស្ទាក់ ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអ៊ែល ។
ប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ីស្រាអ៊ែល បានរាយការណ៍ឲ្យដឹងថា អគារជាច្រើនត្រូវបាន វាយប្រហារដោយផ្ទាល់ ឬដោយការធ្លាក់កម្ទេច កម្ទីមីស៊ីល ហើយសេវារថយន្ត សង្គ្រោះបានឲ្យដឹងថា ពួកគេបានព្យាបាលអ្នករបួសស្រាលមួយចំនួន ។ គ្មានអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរត្រូវបាន គេរាយការណ៍ឲ្យដឹង នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា