បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានរិះគន់អតីតមិត្តរួមដំណែង របស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក ជេ.ឌី. វ៉ានស៍ ថា ជា “ជ្រុលនិយមពេក” នៅក្នុងទស្សនៈរបស់គាត់ ស្តីពីការបញ្ចប់ជម្លោះនៅទីក្រុងគៀវ ជាមួយទីក្រុងមូស្គូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់ វ្ល៉ាឌីមៀ ហ្សេលេនស្គី ត្រូវបានផ្សព្វផ្សាយនៅពេលលោកមកដល់សហរដ្ឋអាមេរិក ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក និងជួបជាមួយប្រធានាធិបតី Joe Biden នៅសេតវិមាន ។
ថ្លែងទៅកាន់ The New Yorker មេដឹកនាំអ៊ុយក្រែនរូបនេះបានស្នើថា “លោក ដូណាល់ ត្រាំ ពិតជាមិនដឹងពីរបៀបដើម្បីបញ្ឈប់សង្គ្រាមនោះទេ បើទោះបីជាលោកប្រហែលជាគិតថាគាត់ដឹងពីរបៀបបញ្ចប់ក៏ដោយ ។” នៅពេលសួរអំពីការជ្រើសរើសអនុប្រធានាធិបតីរបស់លោក ត្រាំ លោក ហ្សេលែនស្គី បានឆ្លើយតបថា “គាត់គឺជ្រុលពេកហើយ” ។ លោកបាននិយាយថា “សាររបស់គាត់ (លោកជេ.ឌី. វ៉ានស៍) ហាក់ដូចជាថា អ៊ុយក្រែនត្រូវតែលះបង់” ។ “នេះនាំឱ្យយើងត្រលប់ ទៅសំណួរនៃការចំណាយ និងអ្នកណាជាអ្នកទទួល។ គំនិតដែលពិភពលោក គួរបញ្ចប់សង្គ្រាមនេះ ដោយចំណាយរបស់អ៊ុយក្រែនគឺមិនអាចទទួលយកបានឡើយ»៕
ប្រែសម្រួលៈ ណៃ តុលា