ហ្សាការតា ៖ ប៉ូលិសឥណ្ឌូណេស៊ី បានដាក់ឈ្មោះ ជនសង្ស័យចំនួន១៥នាក់ ដែលមានជាប់ពាក់ព័ន្ធ នឹងការរកឃើញសាកសព ចំនួន៧នាក់ ដែលអណ្តែតនៅក្នុងទន្លេ Bekasi នៃកោះជ្វាខាងលិច កាលពីព្រឹកថ្ងៃអាទិត្យ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា សាកសពចំនួន៥នាក់ដំបូង ត្រូវបានរកឃើញនៅម៉ោងប្រហែល៦និង០០នាទីព្រឹកម៉ោងក្នុងស្រុក ហើយក្រោយមក ដោយការ រកឃើញសាកសពចំនួន២ នាក់ទៀត ។ ជនរងគ្រោះ ត្រូវបានគេរាយការណ៍មកថា ជាក្មេងវ័យជំទង់ ប្រហែលជាត្រូវបានគេ ទម្លាក់ខ្លួនចូលទៅក្នុងទឹកទន្លេ ខណៈប៉ូលិសល្បាតដេញតាមទាន់ ។
អធិការប៉ូលិស Metro Jaya លោកឧត្តមសេនីយ៍ Karyoto ប្រចាំការនៅឯទន្លេខាងលើ បានលើកឡើងកាលពីថ្ងៃអាទិត្យថា “មនុស្សសរុបចំនួន១៥នាក់ ត្រូវបានគេកំណត់ឈ្មោះថា ជាជនសង្ស័យហើយ៣នាក់ នៅក្នុងចំណោមពួកគេទាំងនោះ ត្រូវបានចោទប្រកាន់ពីបទកាន់អាវុធមុខស្រួច” ។
លោកបញ្ជាក់ឲ្យដឹងថា ទោះបីជាពួកគេនៅមិនទាន់ដឹងច្បាស់ថា អាវុធទាំងនោះមានជាប់ពាក់ព័ន្ធ នឹងការស្លាប់ឬយ៉ាងណាក៏ដោយ ក៏អាជ្ញាធរនៅតែបន្តប្រមូលព័ត៌មាន ពីសាក្សី និងជនសង្ស័យដើម្បីបំភ្លឺពី ករណីនេះឲ្យបានច្បាស់លាស់ ។
បើយោងតាមសេចក្តីរាយការណ៍ បឋមបានឲ្យដឹងថា យុវជនទាំងនោះមានជម្លោះវាយតប់គ្នា ហើយបានរត់គេចខ្លួនពីប៉ូលិស ដែលល្បាតដែលឆ្លង កាត់តំបន់នោះនៅវេលាម៉ោង៣ទៀបភ្លឺ ប៉ូលិសជឿជាក់ថា ការភ័យខ្លាចពីក្រុមល្បាត អាចជំរុញឲ្យពួកគេលោតចូលទៅទឹកទន្លេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា