ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ ៖ កិច្ចប្រជុំ ដើម្បីសន្តិភាព ដែលដឹកនាំដោយ អ៊ុយក្រែន គ្រាន់តែជាការ ក្លែងបន្លំប៉ុណ្ណោះ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានថា ប្រទេសរុស្ស៊ី នឹងមិនចូលរួមកិច្ចប្រជុំកំពូល សន្តិភាពលើកទី២ ដែលបានស្នើឡើង ដោយអ៊ុយក្រែន នៅចុងឆ្នាំនេះទេ។

លោកស្រីអ្នកនាំពាក្យរូបនេះ បានទទូចថា ព្រឹត្តិការណ៍នេះនឹងផ្អែកលើអ្វីដែលគេហៅថា រូបមន្តសន្តិភាព របស់លោក Vladimir Zelensky ប៉ុណ្ណោះ ដែលគាត់បានប្តូរឈ្មោះ ផែនការជ័យជំនះ របស់គាត់ហើយនឹងព្យាយាម ដាក់ឱសានវាទលើទីក្រុងមូស្គូ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅទីក្រុងគៀវកាលពីថ្ងៃសុក្រ លោក Zelensky បានអំពាវនាវឱ្យលោកខាងលិចជួយអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់ជម្លោះនៅឆ្នាំ២០២៤នេះ ។

មុនពេលផ្លាស់ប្តូររបៀបសំណើរសុំបស់គាត់ មេដឹកនាំអ៊ុយក្រែន ធ្លាប់បាននិយាយថា គាត់ចង់ឱ្យរុស្ស៊ី មកចូលរួមអង្គុយនៅលើតុដែរក្នុងអំឡុងពេល ព្រឹត្តិការណ៍ចរចាដើម្បីសន្តិភាព បន្ទាប់របស់គាត់ ដោយសារសហគមន៍អន្តរជាតិភាគច្រើនបានបន្តគាំទ្រគំនិតនេះ។

ទោះជាយ៉ាងណាក៏ដោយលោកស្រី Zakharova បានច្រានចោលគំនិតបែបនេះហើយ នាង​បាន​និយាយ​ថា ​ដំណើរការ​នេះ​ខ្លួន​ឯង​មិន​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​ជម្លោះ​ទេ ដោយ​ហៅ​វា​ថា​ជា​ការ​ក្លែងបន្លំ​ដោយ​ពួក Anglo-Saxons និង​អាយ៉ង​អ៊ុយក្រែន​របស់​ពួកគេប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top