បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនមានបំណងចង់ចាប់ផ្តើមសង្គ្រាម នុយក្លេអ៊ែរទេ ហើយចាត់ទុកថាវា ជារឿងដែលមិនសមរម្យ ដែលការព្រមានរបស់ខ្លួនអំពី ការកើនឡើងនៅក្នុងជម្លោះអ៊ុយក្រែន កំពុងត្រូវបានបង្ហាញថា ជាចេតនាក្នុងការប្រើប្រាស់អាវុធទៅវិញ ។
ការភ័យខ្លាច នៃការកើនឡើងរវាងរុស្ស៊ី និងអង្គការណាតូបាននឹងកំពុងកាន់តែខ្លាំងឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរដ្ឋលោកខាងលិច បានបង្កើនការពិភាក្សាអំពីការអនុញ្ញាត ឱ្យអ៊ុយក្រែនធ្វើការវាយប្រហារមីស៊ីល ចូលជ្រៅនៅក្នុងទឹកដីរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅដើមខែនេះ បានព្រមានថា ការអនុញ្ញាតបែបនេះ នឹងត្រូវធ្វើឡើង នៅពេលដែលលោកខាងលិច ជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងជម្លោះ ហើយនឹងត្រូវជួបជាមួយនឹងការឆ្លើយតបសមស្របហើយ សម្ដីរបស់លោកត្រូវបានអ្នកខ្លះយកទៅបកប្រែជាមានន័យថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេច ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ។
នៅក្នុងបទសម្ភាសន៍ជាមួយ Sky News Arabia លោក Lavrov ត្រូវបានសួរថា តើនេះជាករណី ដែលអាចកើតឡើងដែរឬទេប៉ុន្តែ រដ្ឋមន្ត្រីរូបនេះ បានឆ្លើយតបថា ខណៈដែលរុស្ស៊ីពិតជាមានអាវុធ ដែលនឹងមានផលវិបាកធ្ងន់ធ្ងរ សម្រាប់អ្នកកាន់របបអ៊ុយក្រែន ឬទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច របស់ខ្លួនប៉ុន្តែយ៉ាងណាក្តីរុស្សីមិនមានបំណង ប្រើប្រាស់អាវុធទាំងនោះឡើយ។
លោក Lavrov បានថែមទាំងសង្កត់ធ្ងន់ថា ទីក្រុងមូស្គូក៏មិនចង់ បានការកើនឡើងនៃជម្លោះអ៊ុយក្រែន ដែលនឹងអូសទាញលោកខាងលិច មកធ្វើជាអ្នកចូលរួមដោយផ្ទាល់នោះដែរ ប៉ុន្តែលោក បានរំលឹកឡើងវិញថា ករណីនេះនឹងជៀសមិនរួច ប្រសិនបើក្រុងគៀវ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ អាវុធរយៈចម្ងាយឆ្ងាយជ្រៅ នៅក្នុងប្រទេសរុស្ស៊ី ៕
ប្រែសម្រួល៖ស៊ុនលី