ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បិទការិយាល័យទូរទស្សន៍ Al Jazeera នៅតំបន់ West Bank

AFP

យេរ៉ូសាឡឹម៖ ទាហានអ៊ីស្រាអែល បានវាយលុកការិយាល័យរបស់ទូរទស្សន៍កាតា Al Jazeera នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យដោយបញ្ជាឱ្យ បិទការិយាល័យផ្សាយតែម្ដង។

ទូរទស្សន៍ Al Jazeera បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “កងកម្លាំងអ៊ីស្រាអែលដែលកាន់កាំភ្លើង បានចូលទៅក្នុងការិយាល័យរបស់ទូរទស្សន៍ Al Jazeera នៅទីក្រុងរ៉ាម៉ាឡ ក្នុងតំបន់ West Bank ដែលកាន់កាប់ ដោយបញ្ជាឱ្យបុគ្គលិកឈប់សម្រាក និងបិទទ្វាររយៈពេល ៤៥ថ្ងៃ” ។

ទូរទស្សន៍ Al Jazeera បានចាក់ផ្សាយវីដេអូនៅលើ ប៉ុស្តិ៍ជាភាសាអារ៉ាប់របស់ខ្លួន ដែលបង្ហាញពីកងទ័ពប្រដាប់អាវុធ ខ្លះពាក់ម៉ាស់ ចូលការិយាល័យ និងប្រគល់ក្រឹត្យ នៃការបិទដំណើរការផ្សាយ នៅក្នុងការិយាល័យនេះ។

វិទ្យុកងទ័ពង៊ីស្រាអែល បានដកស្រង់សម្តីមន្ត្រីយោធា អនាមិកដែលឲ្យដឹងថា ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើង “ស្របតាមការណែនាំរបស់ នយោបាយអ៊ីឆេឡុន និងដំបូន្មានផ្នែកច្បាប់ បន្ទាប់ពីវាត្រូវបានគេកំណត់ថា ការផ្សាយរបស់ប៉ុស្តិ៍នេះប៉ះពាល់ដល់ សន្តិសុខនៃរដ្ឋអ៊ីស្រាអែល” ។

យោធា​អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ អំពី​ប្រតិបត្តិការ​នេះ​ទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីខែឧសភា ប៉ូលិសអ៊ីស្រាអែល បានឆ្មក់ចូលការិយាល័យរបស់ទុរទស្សន៍ Al Jazeera នៅក្រុងយេរ៉ូសាឡឹមខាងកើត ដោយរឹបអូសឧបករណ៍ រារាំងការផ្សាយរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែល និងបិទគេហទំព័ររបស់ខ្លួនផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top