ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ដាក់បង្ហាញ​មី​ស៊ី​ល​ និង​យន្តហោះ​ដ្រូន ផលិតក្នុងស្រុក ក្នុង​ពិធី​ព្យុហយាត្រា​យោធា​

Xinhua

តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានបង្ហាញពីភាពជាក់លាក់ ចុងក្រោយបំផុត របស់ខ្លួនក្នុងការបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងយន្តហោះដ្រូនធុន kamikaze នៅក្នុងក្បួនដង្ហែដ៏ធំ ដែលរៀបចំដោយកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសនេះ។

មីស៊ីលផ្លោងមានឈ្មោះថា Jahad និងយន្ដហោះដ្រូន ដែលមានឈ្មោះថា Shahed-136B ត្រូវបានបង្ហាញជាលើកដំបូង ក្នុងអំឡុងពេលក្បួន ដង្ហែលោក Imam Khomeini ដែលជាស្ថាបនិកចុងក្រោយ នៃសាធារណរដ្ឋអ៊ីស្លាម នៅភាគខាងត្បូងទីក្រុងតេអេរ៉ង់ ។ 

ព្រឹត្តិការណ៍នេះបានកត់សម្គាល់ ការចាប់ផ្តើម នៃសប្តាហ៍ការពារដ៏ពិសិដ្ឋ ដោយរំលឹកដល់សង្រ្គាមអ៊ីរ៉ង់ និងអ៊ីរ៉ាក់រយៈពេល ៨ឆ្នាំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នេះបើយោងតាមរបាយការណ៍ ។

មីស៊ីលផ្លោង Jahad ដំណើរការដោយឥន្ធនៈរឹង អាចវាយប្រហារគោលដៅ បានចម្ងាយរហូតដល់ ១០០០គីឡូម៉ែត្រ ជាមួយនឹងភាពត្រឹមត្រូវច្បាស់លាស់ក្នុងការ វាយប្រហារគលលដៅ។  វាត្រូវបានរចនា និងអភិវឌ្ឍដោយកងកម្លាំង អាកាសយានិក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ។

ប្រភពបានឲ្យដឹងទៀតថា យន្តហោះដ្រូនធុន Shahed 136B ដំណើរការដោយម៉ាស៊ីន turbojet អាចបំផ្លាញគោលដៅជាង ២,៥០០ គីឡូម៉ែត្រពីចម្ងាយ ។ ប្រភពបានបន្ថែមថា យន្ដហោះដ្រូនប្រភេទនេះក៏ត្រូវបានរចនា និងផលិតដោយកង កម្លាំងអាកាសយានិក IRGC ផងដែរ។

ថ្លែងនៅក្នុងពិធីដង្ហែរក្បួន ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ អាចការពារខ្លួន និងធានាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់អាស៊ីខាងលិច តាមរយៈឯកភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋមូស្លីមផ្សេងទៀត ។

លោកត្រូវបានដកស្រង់សម្តី ដែលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅលើគេហទំព័រ ការិយាល័យរបស់លោកថា “សព្វថ្ងៃនេះ អំណាចការពារ និងការរារាំងរបស់អ៊ីរ៉ង់ បានកើនឡើងដល់កម្រិតមួយ ដែលមិនមានអារក្ស ណាហ៊ានប្រព្រឹត្ត អំពើឈ្លានពានណាមួយប្រឆាំង នឹងប្រទេសនេះ ឬសូម្បីតែគិតដល់វា”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top