បរទេស៖ មានការរំលោភសេពសន្ថវៈម្តងរៀងរាល់ម៉ោង នៅទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស, នេះបើយោងតាមទិន្នន័យ របស់ប៉ូលីសដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ស្ទើរតែ ៨.៨០០ករណី ត្រូវបានដោះស្រាយនៅឆ្នាំ ២០២៣ ដែលជាមធ្យមគឺមាន ២៤ករណីក្នុងមួយថ្ងៃ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា តួលេខដែលទទួល បានដោយទូរទស្សន៍រដ្ឋ BBC តាមរយៈសំណើសេរីភាពព័ត៌មាន បង្ហាញពីរបាយការណ៍ចំនួន ១១.០០០ករណីបន្ថែមទៀត អំពីបទល្មើសផ្លូវភេទផ្សេងទៀត។
ចំនួនសរុបបានកើនឡើង ១៤ភាគរយ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ រហូតដល់ជិត ២០.០០០ នាក់ក្នុងឆ្នាំ ២០២៣ ដែលមានន័យថា អំពើហិង្សាផ្លូវភេទ ឬការចាប់រំលោភ ត្រូវបានរាយការណ៍ទៅប៉ូលីសរៀងរាល់ ២៦ នាទីកន្លះជាមធ្យម។
អង្គការសប្បុរសធម៌ ដែលពាក់ព័ន្ធនឹងការការពារកុមារ និងស្ត្រី ប្រឆាំងនឹងអំពើហិង្សា ផ្លូវភេទបាននិយាយថា ទំហំពិតនៃឧបទ្ទវហេតុ បែបនេះគឺមានច្រើន។
មជ្ឈមណ្ឌលវិបត្តិពីការរំលោភសេពសន្ថវៈ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានដាក់ស្លាកការរកឃើញដែល”គួរឱ្យរន្ធត់” ដោយប្រាប់ BBC ថា “ត្រូវការការផ្លាស់ប្តូរជាបន្ទាន់” ។
អង្គការសប្បុរសធម៌អះអាងថា មានស្ត្រីតែម្នាក់ក្នុងចំណោមស្ត្រី៦នាក់ដែលត្រូវគេចាប់រំលោភរាយការណ៍ពីបទឧក្រិដ្ឋនេះ។ ក្នុងចំណោមជនរងគ្រោះជាបុរសតួលេខនេះ ត្រូវបានគេនិយាយថា មានម្នាក់ក្នុងចំណោម៥នាក់ ហើយមានតែម្នាក់ក្នុង ចំណោមបួននាក់ប៉ុណ្ណោះ ដែលរាយការណ៍អំពីការរំលោភ ផ្លូវភេទផ្សេងទៀត។
ចំពោះរឿងដែលគួរឱ្យតក់ស្លុតថែមទៀតនោះ គឺស្ថិតិរបស់ប៉ូលីស ក៏បង្ហាញផងដែរថា កុមារជាង ៤.៣០០ នាក់បានរាយការណ៍ថា ជាជនរងគ្រោះ នៃការរំលោភឬការ រំលោភផ្លូវភេទក្នុងឆ្នាំ ២០២៣៕
ប្រែសម្រួលៈ ណៃ តុលា