ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងមិន​ចូល​រួម​ក្នុង​ជំនួប​កំពូល ស្ដីពីសន្តិភាព​អ៊ុយក្រែននោះទេ

AFP

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី នឹងមិនចូលរួមក្នុង កិច្ចប្រជុំកំពូលសន្តិភាពលើកទី២ លើប្រទេសអ៊ុយក្រែននោះទេ ព្រោះថា វាមិនពាក់ព័ន្ធនឹងការដោះស្រាយជម្លោះនោះទេ នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova។

លោកស្រី Zakharova បានធ្វើការកត់សម្គាល់ ជាការឆ្លើយតប ទៅនឹងផែនការ របស់ប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី សម្រាប់កិច្ចប្រជុំកំពូល សន្តិភាពលើកទីពីរក្នុងខែវិច្ឆិកា ជាកន្លែងដែលគាត់ មានបំណង អញ្ជើញតំណាងរុស្ស៊ី។

លោកស្រីបានឲ្យដឹង នៅលើគេហទំព័ររបស់ក្រសួងថា “អ្នកតំណាងរុស្ស៊ី នឹងមិនបានចូលរួម ក្នុងកិច្ចប្រជុំណាមួយ ក្រោមអ្វីដែលគេហៅថាដំណើរការ Burgenstock ហើយមិនមានគម្រោងធ្វើដូច្នេះនោះទេ។

លោកស្រីបានបន្ថែមថា កិច្ចប្រជុំកំពូលនេះ មានគោលបំណង លើកកម្ពស់រូបមន្តរបស់លោក ហ្សេឡិនស្គី ដែលមិនអាចដំណើរការបាន ជាមូលដ្ឋានតែមួយគត់ សម្រាប់ការដោះស្រាយជម្លោះ ស្វែងរកការគាំទ្រពីអន្តរជាតិ និងប្រើប្រាស់វាជាវេទិកាមួយ ដើម្បីផ្តល់ឱសានវាទ ដល់ប្រទេសរុស្ស៊ីសម្រាប់ការចុះចាញ់។

លោកស្រីបានរំលឹកឡើងវិញថា រុស្ស៊ី មិនបដិសេធដំណោះស្រាយការទូត ចំពោះវិបត្តិនោះទេ ហើយនៅតែបើកចំហ សម្រាប់ការពិភាក្សាលើសំណើ ដែលឆ្លុះបញ្ចាំងពីស្ថានភាពនៅលើដី ការវិវត្តន៍ការពិតភូមិសាស្ត្រនយោបាយ និងគំនិតផ្តួចផ្តើមដែលស្នើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី១៤ ខែមិថុនា។

លោកស្រី​បាន​បន្ត​ថា “បើ​គ្មាន​រុស្ស៊ី និង​ដោយ​មិន​គិត​ពី​ផល ប្រយោជន៍​របស់​ខ្លួន​ទេនោះ ការ​សម្រេច​បាន​នូវ​ដំណោះស្រាយ​ដោយ​យុត្តិធម៌ និង​និរន្តរភាព គឺ​មិន​អាច​ទៅ​រួច​នោះទេ​” ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top