ប្រ៊ុចស៊ែល ៖ កាលពីថ្ងៃចន្ទ គណៈកម្មការអឺរ៉ុប ហៅកាត់ (EU) បានស្នើសុំបែងចែកជំនួយផ្នែកហិរញ្ញវត្ថុ ដែលមានទឹកប្រាក់ចំនួន១១៩.៧លានអឺរ៉ូ ស្មើនឹងប្រហែល១៤១.៤លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់ជួយដល់កសិករនៅក្នុងប្រទេស ប៊ុលហ្គារី អាល្លឺម៉ង់ អេស្តូនី អ៊ីតាលី និងរូម៉ានី ដែលបានរងនូវផលប៉ះពាល់ ដោយអាកាសធាតុធ្ងន់ធ្ងរ នានិទាឃរដូវ និងរដូវក្តៅនេះ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់គណៈកម្មការខាងលើបានដាក់ថា ប្រទេសអាល្លឺម៉ង់ នឹងទទួលបានចំណែកដ៏ធំបំផុត នៃមូលនិធិដែលមានទឹក ប្រាក់សរុប មាន៤៦,៥លានអឺរ៉ូ បន្ទាប់មក គឺប្រទេសអ៊ីតាលី ដែលមានទឹកប្រាក់៣៧,៤លាន ប្រទេសរូម៉ានី ចំនួន២១,៦លាន ប្រទេសប៊ុលហ្គារី ចំនួន១០,៩លាន និងប្រទេសអេស្តូនី ចំនួន៣,៣លាន ផងដែរ ។
លោក Janusz Wojciechowski ស្នងការអឺរ៉ុប ទទួលបន្ទុកកិច្ចការកសិកម្មបានលើកឡើងថា “សំណើនេះ… តំណាងឱ្យសេចក្តីថ្លែងការណ៍ រឹងមាំនៃសាមគ្គីភាព របស់សហភាពអឺរ៉ុបជាមួយនឹងកសិករ ដែលត្រូវការជំនួយ ។ … កសិកររបស់យើងមិនឯកោកនៅក្នុងការ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុនោះឡើយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា