យេរ៉ូសាឡឹម៖ មេបញ្ជាការយោធាអ៊ីស្រាអែលលោក Herzi Halevi បានឲ្យដឹងថា អ៊ីស្រាអែល នឹងបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រទេសលីបង់ ខណៈចំនួនអ្នកស្លាប់របស់ពលរដ្ឋលីបង់កើនឡើងដល់ជិត ៦០០នាក់។
លោក Halevi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនគួរផ្តល់ឱ្យក្រុមហេសបូឡា បានសម្រាកនោះទេ ហើយគួរតែបន្តធ្វើការដោយកម្លាំងពេញលេញប្រឆាំងនឹងក្រុមនេះ” ។
លោកបានលើកឡើងថា “ថ្ងៃនេះយើងនឹងពន្លឿនប្រតិបត្តិការវាយលុក” ដោយបន្ថែមថា អ៊ីស្រាអែលក៏នឹងបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបផងដែរ។
កាលពីថ្ងៃច័ន្ទ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើភូមិ និងទីប្រជុំជននៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ ដែលជំរុញឱ្យក្រុមហេសបូឡា បើកការវាយប្រហារដោយកាំជ្រួចសងសឹកទៅលើគោលដៅយោធាអ៊ីស្រាអែលជាច្រើនគ្រាប់ នៅភាគខាងជើងអ៊ីស្រាអែល។
យោងតាមមន្ត្រីលីបង់ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ទៅលើភាគខាងត្បូង និងភាគខាងកើតលីបង់ ចាប់តាំងពីថ្ងៃច័ន្ទមក បានកើនឡើងដល់ ៥៥៨នាក់ ក្នុងនោះមានកុមារ ៥០ នាក់ និងស្ត្រី ៩៤នាក់ ជាមួយនឹងការរងរបួសសរុបចំនួន ១,៨៣៥នាក់ ចំណែកអ្នកស្រុកប្រហែល ១៦,៥០០នាក់នៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ ត្រូវបានផ្លាស់ទីលំនៅទៅកាន់ទីក្រុងបេរូត និងតំបន់ផ្សេងទៀតនៅក្នុងប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា