បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា ការបញ្ចប់ជម្លោះរវាងទីក្រុងមូស្គូ និងគៀវ អាចកាន់តែមានជំនឿចិត្តថានឹងឈានចូលមកដល់ទីបញ្ចប់ជាងការរំពឹងទុកហើយ។
បច្ចុប្បន្នលោក Zelensky កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតី Joe Biden សមាជិកសភា និងគូប្រជែងប្រធានាធិបតីទាំងពីរគឺ Kamala Harris និង Donald Trump ដើម្បីបង្ហាញពួកគេជាមួយនឹង ផែនការសន្តិភាព របស់គាត់ ដែលថ្មីៗនេះគាត់បានប្តូរឈ្មោះជា ផែនការជ័យជំនះ។
នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ ABC News អត្ថបទដកស្រង់ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារលោក Zelensky បាននិយាយថា ខ្ញុំគិតថាយើងខិតទៅជិតសន្តិភាពជាងអ្វីដែលយើងគិត យើងកាន់តែខិតជិតដល់ទីបញ្ចប់នៃសង្គ្រាមហើយ យើងត្រូវតែមានភាពខ្លាំងក្លារបស់យើង។
លោក Zelensky ក៏បានអះអាងកាលពីសប្តាហ៍មុនថា គម្រោងនេះអាចបញ្ចប់ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន នៅចុងឆ្នាំនេះ ប្រសិនបើលោកខាងលិចធ្វើ ការសម្រេចចិត្តឲ្យបានឆាប់រហ័ស លើការបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងគៀវ។
ខណៈដែលព័ត៌មានលម្អិតនៃផែនការរបស់គាត់នៅមិនទាន់ដឹងនៅឡើយ អ្នកកាសែត ABC លោក Robin Roberts បានសួរទៅកាន់មេដឹកនាំអ៊ុយក្រែនថាតើវារួមបញ្ចូលការពិភាក្សាដោយផ្ទាល់រវាងភាគីទាំងពីរដែរឬទេ។
លោកZelensky បានឆ្លើយតបថា៖វាមិនមែននិយាយអំពីការចរចាជាមួយរុស្ស៊ីទេ ដោយបន្ថែមថាគ្រោងការណ៍របស់គាត់គឺមានបំណងបម្រើជាស្ពានទៅកាន់ការបញ្ចប់សង្គ្រាមព្រមទាំងវិធីការទូតដើម្បីបញ្ឈប់សង្គ្រាមផងដែរ៕
ប្រែសម្រួល៖ស៊ុនលី