វៀងច័ន្ទ៖ អ្នកតំណាងមកពីប្រទេស សមាជិក នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) បានជួបប្រជុំគ្នា នៅទីក្រុងវៀងច័ន្ទ ដើម្បីពិភាក្សាអំពីការបញ្ចប់ ផែនការយុទ្ធសាស្រ្ត សហគមន៍សង្គម-វប្បធម៌អាស៊ាន ហៅកាត់ (ASCC) នៅក្រោយឆ្នាំ២០២៥ ។
ទីភ្នាក់ងារសារព័ត៌មានឡាវ បានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃពុធថា ពួកគេបានប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអង្គារ សម្រាប់កិច្ចប្រជុំលើកទី៧ នៃក្រុមការងារអាដហុក ដើម្បីបង្កើតផែនការ យុទ្ធសាស្រ្ត ASCC នៅក្រោយឆ្នាំ២០២៥ ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងជំរុញ ដល់ការអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រនៅក្រោយឆ្នាំ ២០២៥របស់ ASCC ដោយផ្តោតសំខាន់លើការបំពេញ ការងារលេចធ្លោដូចជាការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងបង្កើតទស្សនវិស័យ របស់អាស៊ាន នៅឥណ្ឌូប៉ាស៊ីហ្វិក ។
កិច្ចប្រជុំនេះបានបញ្ចប់ ដោយមានការឯកភាពគ្នា លើវឌ្ឍនភាពនៃផែនការ យុទ្ធសាស្ត្រ ហើយសេចក្តីព្រាងផែនការ យុទ្ធសាស្រ្ត ASCC ក្រោយឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងដាក់ជូនក្រុមការងារកម្រិតខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥ នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា