ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី ថ្កោលទោស យ៉ាងខ្លាំងទៅលើការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ទៅលើលីបង់ និងអំពាវនាវ សុំឲ្យមានការឆ្លើយតប ជាសកលដើម្បីបញ្ចប់ប្រតិបត្តិការយោធានេះ

ហ្សាការតា៖ កាលពីថ្ងៃពុធ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្កោលទោស យ៉ាងខ្លាំង ទៅលើការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល កាលពីពេលថ្មីៗនេះ ទៅលើប្រទេសលីបង់ ដែលបានឆក់យកជីវិត មនុស្សរាប់រយនាក់ និងបានអំពាវនាវ ឱ្យមានការឆ្លើយតប ជាសកលបន្ទាន់ ដើម្បីបញ្ឈប់ប្រតិបត្តិការ យោធាមួយនេះ ។

លោក Widodo បានថ្លែងដូច្នេះថា “ប្រទេសឥណ្ឌូនេស៊ី ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើប្រទេសលីបង់ ហើយយើងជំរុញឱ្យប្រទេសទាំងអស់ និងអង្គការសហប្រជាជាតិ (អ.ស.ប) ឆ្លើយតបឱ្យបានឆាប់រហ័ស ដើម្បីការពារជនរងគ្រោះបន្ថែមទៀត” ។

លោកបានថ្លែងទៀតថា ឥណ្ឌូណេស៊ី សូមប្តេជ្ញាគាំទ្រសន្តិភាពពិភពលោក និងការពារពលរដ្ឋរបស់ខ្លួននៅបរទេសដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នេះ ។

គេបានដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី នាពេលបច្ចុប្បន្ននេះកំពុងរៀបចំជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ជម្លោះក្នុងប្រទេសលីបង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top