ព័ត៌មានអន្តរជាតិ

នាវា​ កងកម្លាំង​ការពារ​ជាតិជប៉ុន បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​លើក​ដំបូង

Kyodo

តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា នាវាកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ក្នុងការប្រឈមមុខនឹងការអះអាងផ្នែកយោធា ដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។

យោងតាមប្រភពបានឱ្យដឹងថា នាវាពិឃាត Sazanami រួមជាមួយនឹងនាវាអូស្ត្រាលី និងនូវែលសេឡង់ បានធ្វើការឆ្លងកាត់កាលពីថ្ងៃពុធ នៅក្នុងផ្លូវទឹកតូចចង្អៀតរវាងប្រទេសចិន និងកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។

នាវា​ទាំង​នោះ​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ធ្វើ​សមយុទ្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រទេសចិន បាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញប្រទេសជប៉ុន ដោយយន្តហោះចារកម្មបានរំលោភលើដែនអាកាសរបស់ជប៉ុននៅជិតកោះនានាក្នុងខេត្តណាហ្គាសាគី កាលពីចុងខែសីហា។

កាលពីដើមខែនេះ នាវាផ្ទុកយន្តហោះរបស់ចិនបានចូលក្នុងតំបន់ជាប់គ្នានៅខាងក្រៅដែនទឹករបស់ប្រទេសជប៉ុនជាលើកដំបូង នៅពេលដែលវាបើករវាងកោះដាច់ស្រយាលនៅភាគខាងត្បូងប្រទេសជប៉ុនពីសមុទ្រចិនខាងកើត។

សហរដ្ឋអាមេរិក តែងតែបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ ខណៈដែលសម្ព័ន្ធមិត្តរួមទាំងអង់គ្លេស និងអូស្ត្រាលី ក៏បានធ្វើការឆ្លងកាត់បែបនេះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទាក់ទាញចិនឲ្យខឹងសម្បារ។

តៃវ៉ាន់ត្រូវបានគេមើលឃើញថា ជាចំណុចសំខាន់ខាងយោធាដ៏មានសក្ដានុពលក្នុងទំនាក់ទំនងអាមេរិក-ចិន ដោយទីក្រុងប៉េកាំង បានចាត់ទុកកោះនេះជាខេត្ត ដែលត្រូវបង្រួបបង្រួមជាមួយដីគោកឡើងវិញដោយកម្លាំងប្រសិនបើចាំបាច់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top