ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាអាជ្ញាកណ្តាល គាំទ្រកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនជប៉ុន សម្រាប់ការទិញយកក្រុមហ៊ុនដែកថែបអាមេរិក

kyodo

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន United States Steel Corp. បានឲ្យដឹងថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលមួយបានសម្រេចចិត្តក្នុងការពេញចិត្តចំពោះផែនការរបស់ក្រុមហ៊ុន Nippon Steel Corp. ក្នុងការទិញយកក្រុមហ៊ុន Pittsburgh ដែលជាកិច្ចព្រមព្រៀងមួយ ដែលត្រូវបានជំទាស់ដោយសហជីពរបស់ខ្លួន។

ការសម្រេចចិត្តដែលមិនជាប់ពាក់ព័ន្ធនេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលសមាជិករបស់ពួកគេត្រូវបានជ្រើសរើសដោយក្រុមហ៊ុន US Steel និងសហជីព United Steelworkers ដែលជាសហជីព ដ៏មានឥទ្ធិពលដែលបានអំពាវនាវកាលពីខែមករា សម្រាប់ការពិនិត្យលើកិច្ចព្រមព្រៀងទិញយក ដោយលើកឡើងពីការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងផ្សេងទៀត។

លោក David Burritt នាយកប្រតិបត្តិនៃក្រុមហ៊ុនបានឲ្យដឹងថា “ជាមួយនឹងដំណើរការអាជ្ញាកណ្តាលឥឡូវនេះនៅពីក្រោយយើង យើងទន្ទឹងរង់ចាំឆ្ពោះទៅមុខជាមួយនឹងប្រតិបត្តិការ ដែលមិនទាន់សម្រេចរបស់យើងជាមួយក្រុមហ៊ុន Nippon Steel”។

យ៉ាង​ណា​ក៏​ដោយ សហជីព​កម្មករ​បាន​ឲ្យដឹងក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ខ្លួន​មិន​យល់​ស្រប​នឹង​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ភិបាល​ឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ផែនការទិញយកក្រុមហ៊ុនផលិតធំជាងគេទី២៤ របស់ពិភពលោកដោយក្រុមហ៊ុន Nippon Steel ដែលជាក្រុមហ៊ុនធំទី៤ បានបង្កឱ្យមានភាពចម្រូងចម្រាសក្នុងការបន្តការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី០៥ ខែវិច្ឆិកា ដោយទាំងក្រុមហ៊ុន និងសហជីពមានទីស្នាក់ការកណ្តាលនៅរដ្ឋ Pennsylvania ដែលជារដ្ឋសមរភូមិដ៏សំខាន់មួយ។ 

លោកប្រធានាធិបតីលោក ចូ បៃដិន និងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានឲ្យដឹងថា ក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិក គួរតែស្ថិតនៅក្នុងដៃក្នុងស្រុក ហើយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាគូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកស្រី ហារីស សម្រាប់សេតវិមានក៏បានឲ្យដឹងផងដែរថា លោកនឹងរារាំងកិច្ចព្រមព្រៀងនេះប្រសិនបើត្រូវបានជាប់ឆ្នោត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top