បរទេស៖ យោងតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុង បេរ៉ូត ប្រទេសលីបង់ លោក Alexander Rudakov ដែលបានព្រមានអំពីសេណារីយ៉ូដ៏ក្រៀមក្រំមួយ ដែលកងទ័ពអ៊ីស្រាអែលអាចវាយលុកប្រទេសលីបង់ ហានិភ័យនៃសង្រ្គាមពេញលក្ខណៈរវាងអ៊ីស្រាអែល និងលីបង់គឺខ្ពស់ខ្លាំងណាស់។ លោក Alexander Rudakov បានព្រមានអំពីសេណារីយ៉ូដ៏ក្រៀមក្រំ ដែលកងទ័ពអ៊ីស្រាអែលអាចវាយលុកប្រទេសលីបង់ ដែលនាំឱ្យមានមនុស្សស្លាប់ និងបំផ្លិចបំផ្លាញយ៉ាងច្រើន បើធៀបនឹងតំបន់ហ្គាហ្សា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃច័ន្ទមក អ៊ីស្រាអែលបាននិងកំពុងធ្វើយុទ្ធនាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហេសបូឡា ដែលមានឈ្មោះថា “ព្រួញភាគខាងជើង” ដោយអះអាងថា បានបំផ្លាញ “គោលដៅភេរវករ” រាប់រយកន្លែង។ អាជ្ញាធរលីបង់រាយការណ៍ថា ការវាយប្រហារពីដែនអាកាសបានសម្លាប់មនុស្សជិត ៧០០នាក់ ក្នុងនោះមានស្ត្រី និងកុមាររាប់សិបនាក់។
លោក Rudakov បានប្រាប់ RT នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃពុធថា ការកើនឡើងភាពតានតឹងចុងក្រោយបំផុតបានពង្រីកជម្លោះចាស់ឱ្យហួសពីព្រំដែន “ប្រពៃណី” របស់ខ្លួន។
លោក Rudakov បាននិយាយថា “រហូតមកដល់ពេលថ្មីៗនេះ ការប្រឈមមុខដាក់គ្នារវាងក្រុមហេសបូឡា និងអ៊ីស្រាអែលបានដំណើរការក្រោម ‘ច្បាប់’ ដែលមិនបានសរសេរ ស្រដៀងនឹងរូបមន្ត ពិន័យ ដែលការវាយប្រហាររបស់ភាគីម្ខាងបានបង្កឱ្យមានការឆ្លើយតបតាមលក្ខខណ្ឌពីភាគីម្ខាងទៀត។ ទោះយ៉ាងណាក៏ដោយ រចនាសម្ព័ន្ធនេះហាក់ដូចជាបានដួលរលំក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ” ៕
ប្រែសម្រួលៈ ណៃ តុលា