ម៉ានីល៖ មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំរបស់ខ្លួនបានឲ្យដឹងថា ក្រុមឧទ្ទាមមូស្លីមដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីន ដែលបានចាប់ផ្តើមអនុវត្តការគ្រប់គ្រងស្វ័យភាពនៅលើកោះ មីនដាណាវ មិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់អាវុធ ដែលនៅសល់របស់ខ្លួន នៅមុនការបោះឆ្នោតលើកដំបូងរបស់តំបន់ស្វយ័តនៅឆ្នាំក្រោយ ដែលជាផ្នែកសំខាន់នៃដំណើរការសន្តិភាពជាមួយរដ្ឋាភិបាល។
លោក Mohagher Iqbal នៃរណសិរ្សរំដោះឥស្លាម Moro ដែលដឹកនាំការចរចារបស់ក្រុមជាមួយរដ្ឋាភិបាលហ្វីលីពីន បានប្រាប់កាសែតក្យូដូឲ្យដឹងថា ពួកគេមិនអាចបន្តការបណ្តេញយុទ្ធជន ដែលនៅសេសសល់របស់ពួកគេចំនួន ១៤,០០០ នាក់បាននោះទេ រហូតដល់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងសន្តិភាព ឆ្នាំ២០១៤ ត្រូវបានបំពេញ។
លោកបានលើកឡើងថា ជាង ២៦,០០០នាក់ ផ្សេងទៀតបានបញ្ចប់ដំណើរការលុបចោលរួចហើយចាប់តាំងពីឆ្នាំ២០១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ក្រោមកិច្ចព្រមព្រៀងសន្តិភាព ដែលជប៉ុនជួយជាឈ្មួញកណ្តាល រដ្ឋាភិបាលហ្វីលីពីន តម្រូវឱ្យផ្តល់ជំនួយសេដ្ឋកិច្ចសង្គម រួមទាំងផ្ទះសម្បែង និងសាច់ប្រាក់ជាថ្នូរនឹងការចុះចាញ់របស់ពួកឧទ្ទាមចំពោះប្រគល់អាវុធ។ លោកបានលើកឡើងថា “តិចតួចណាស់ត្រូវបានផ្តល់ឱ្យ” ដោយរដ្ឋាភិបាលដែលបានលើកឡើងពីការខ្វះខាតថវិកា ដែលជាមូលហេតុនៃការពន្យារពេល។
ទោះបីជានៅតែមានអាវុធដោយផ្នែកក៏ដោយ លោកបានលើកឡើងថា “យើងនឹងមិនប្រើអាវុធដើម្បីបំភ័យអ្នកបោះឆ្នោតនោះទេ” ក្នុងអំឡុងពេលការបោះឆ្នោតសភាលើកដំបូងនៅក្នុងតំបន់ស្វយ័ត Bangsamoro ដែលគ្រោងធ្វើនៅខែឧសភាឆ្នាំក្រោយ ដែលក្រុមឧទ្ទាមនឹងចូលរួម។ លោកបានសង្កត់ធ្ងន់ថា ការដឹកនាំរបស់ពួកគេរក្សាការគ្រប់គ្រងលើកងកម្លាំងរបស់ខ្លួននៅភាគនិរតីនៃកោះមីនដាណាវ។
លោកបន្ដថា “ការព្រួយបារម្ភគឺ កងទ័ពឯកជនរបស់អ្នកនយោបាយ” ដោយកត់សម្គាល់ថាគណបក្ស MILF ប្រឈមមុខនឹងការប្រយុទ្ធដ៏ស្វិតស្វាញនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ លោកបានបន្ថែមថា ការលុបបំបាត់កងទ័ពឯកជនទាំងនេះ នៅក្នុងតំបន់ដែលជម្លោះរវាងត្រកូលក្នុងស្រុកនៅតែបន្តកើតមាន គឺជាការសន្យាមួយក្នុងចំណោមការសន្យា ដែលមិនបានសម្រេចរបស់រដ្ឋាភិបាល៕
ប្រែសម្រួល ឈូក បូរ៉ា