ដាម៉ាស់៖ មនុស្សជិត ១៧,៧០០នាក់ រួមទាំងជនជាតិស៊ីរីជាង ១៣,៨០០នាក់ និងលីបង់ ៣,៨០០នាក់ បានឆ្លងកាត់ព្រំដែន Jdeidat Yabous ចូលទៅក្នុងទីជនបទនៃទីក្រុងដាម៉ាស់ នៃប្រទេសស៊ីរី កាលពីថ្ងៃពុធ នេះបើយោងតាមលោក Alaa Al-Sheikh សមាជិកនៃការិយាល័យប្រតិបត្តិ សម្រាប់វិស័យដឹកជញ្ជូនស៊ីរី។
លំហូរភៀសខ្លួនចូលក្នុងប្រទេសស៊ីរី បានកើតឡើងខណៈពលរដ្ឋលីបង់ និងស៊ីរីបានភៀសខ្លួនចេញពីការវាយលុក របស់យោធាអ៊ីស្រាអែលដែល កាន់តែខ្លាំងឡើងប្រឆាំងនឹងក្រុមហេសបូឡាក្នុងប្រទេសលីបង់។
ចរាចរណ៍ដ៏ច្រើនត្រូវបានកត់ត្រា នៅច្រកឆ្លងកាត់ព្រំដែន Jdeidat Yabous ដែលភ្ជាប់ប្រទេសលីបង់ ជាមួយនឹងតំបន់ជនបទទីក្រុងដាម៉ាស់ របស់ប្រទេសស៊ីរី ជាមួយនឹងរថយន្តជាច្រើនជួរ។
ប្រជាជនឈរជាជួរ ខណៈអាជ្ញាធរស៊ីរីដំណើរការ ឯកសារនៅខាងព្រំដែនស៊ីរី។ អនុវត្តតាមការណែនាំរបស់ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ ហើយមន្ត្រីព្រំដែន កំពុងពន្លឿនដំណើរការច្រកចេញចូល សម្រាប់ជនភៀសខ្លួនលីបង់ ទាំងជនជាតិស៊ីរី ដែលវិលត្រឡប់មកវិញ។
ការកើនឡើងនៃការឆ្លងកាត់បានធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃនៃការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីតាំងរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ដែលជំរុញឱ្យមានជនភៀសខ្លួនជាច្រើនគ្រួសារ ដែលកំពុងស្វែងរកការជ្រកកោននៅក្នុងប្រទេសស៊ីរី។
ប្រទេសស៊ីរី និងប្រទេសលីបង់ មានព្រំប្រទល់ប្រហែល ៣៧៥ គីឡូម៉ែត្រ ជាមួយនឹងច្រក Jdeidat Yabous ដែលត្រូវបានគេស្គាល់ថាជាច្រក Masnaa ក្នុងប្រទេសលីបង់ ដែលជាផ្លូវមួយក្នុងចំណោមផ្លូវសំខាន់ៗចំនួន ៥ រវាងប្រទេសទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា