ព័ត៌មានអន្តរជាតិ

កងជីវពល​ស៊ីអ៊ីត​អ៊ីរ៉ាក់ គំរាម​វាយ​ប្រហារ​កម្លាំង​អាមេរិក ប្រសិនបើ​អ៊ីស្រាអែល វាយ​ប្រហារ

Xinhua

បាកដាដ៖ កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ Kata’ib Hezbollah បានគំរាមវាយប្រហារវត្តមាន របស់កងកម្លាំងអាមេរិក ប្រសិនបើអ៊ីស្រាអែល វាយលុកអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Abu Ali al-Askar មេដឹកនាំសន្តិសុខនៃកងជីវពលស៊ីអ៊ីត ដែលគាំទ្រដោយអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដែនអាកាសអ៊ីរ៉ាក់ កំពុងឃើញសកម្មភាពដ៏ខ្លាំងក្លា ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបង្ហាញពីលទ្ធភាពនៃការឈ្លានពាន របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ាក់” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យោងទៅតាមកងជីវពល Kata’ib Hezbollah បន្តការព្រមានរបស់ខ្លួនថា ការឆ្លើយតបរបស់ខ្លួននឹងមិនត្រូវបានកំណត់ ចំពោះតែអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែនឹងរួមបញ្ចូលវត្តមានរបស់ សហរដ្ឋអាមេរិកទាំងមូល” ។

លោក Al-Askar ក៏បានអំពាវនាវដល់ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ដែលជាក្រុមជីវពលស៊ីអ៊ីត បង្កើនចំនួន និងទំហំប្រតិបត្តិការរបស់ពួកគេ និងកម្រិតនៃការគំរាមកំហែងដល់អ៊ីស្រាអែល។

នៅព្រឹកថ្ងៃដដែល ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន និងកាំជ្រួចជាច្រើនលើគោលដៅរបស់អ៊ីស្រាអែល “ដោយសាមគ្គីភាពជាមួយប្រជាជនរបស់យើងនៅប៉ាឡេស្ទីន និងលីបង់” ដោយមិនបានបញ្ជាក់ពីទីកន្លែង ដែលរងផលប៉ះពាល់ ឬរាយការណ៍ពីជនរងគ្រោះណាមួយឡើយ។

ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល – ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ បានធ្វើការវាយប្រហារជាច្រើនលើគោលដៅ របស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក នៅក្នុងតំបន់ដើម្បីគាំទ្រ ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top