ព័ត៌មានអន្តរជាតិ

ទីក្រុង ញូដេលីថា ទំនាក់ទំនងឥណ្ឌា-ចិន ជាគន្លឹះឆ្ពោះទៅអនាគតនៃអាស៊ី និងពិភពលោក

RT News

បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយកាលពីថ្ងៃអង្គារថា ទំនាក់ទំនងរវាងឥណ្ឌា-ចិន គឺជា “គន្លឹះ” សម្រាប់អនាគតនៃអាស៊ី និងពិភពលោក។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំ ដោយសមាគមអាស៊ីនៅទីក្រុងញូវយ៉ក លោក Jaishankar បានកត់សម្គាល់ថា “ការកើនឡើងតំណាលគ្នា” នៃប្រទេសទាំងពីរបង្ហាញពី “បញ្ហាតែមួយគត់” នៅក្នុងនយោបាយពិភពលោក នាពេលបច្ចុប្បន្ននេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jaishankar ថា “ខ្ញុំគិតថាទំនាក់ទំនងឥណ្ឌានិងចិន គឺជាគន្លឹះសម្រាប់អនាគតរបស់អាស៊ី។ តាមរបៀបមួយ អ្នកអាចនិយាយបានថា បើសិនពិភពលោកត្រូវមានពហុប៉ូល នោះអាស៊ីត្រូវមានពហុប៉ូលដែរ។ ដូច្នេះហើយ ទំនាក់ទំនងនេះនឹងមានឥទ្ធិពល មិនត្រឹមតែអនាគតរបស់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែតាមវិធីនោះ ប្រហែលជាអនាគតរបស់ពិភពលោកផងដែរ” ។

ទីក្រុងញូវដែលីបាននិងកំពុងព្យាយាម ពង្រីកឥទ្ធិពលរបស់ខ្លួន និងក្លាយជាមជ្ឈមណ្ឌល អំណាចដ៏សំខាន់នៅក្នុងតំបន់ ដែលត្រូវបានគេមើលឃើញថា មានការកើនឡើងឥទ្ធិពលពីទីក្រុងប៉េកាំងផងដែរ។ កាលពីដើមឆ្នាំនេះ លោក Jaishankar បានលើកឡើងថា ឥណ្ឌាគួរតែ “ស្វាគមន៍ការប្រកួតប្រជែង” និងមាន “ទំនុកចិត្តបន្ថែមទៀត” ក្នុងការប្រឈមមុខនឹងការកើនឡើងឥទ្ធិពល របស់ចិននៅក្នុងអាស៊ីខាងត្បូង។

រដ្ឋមន្ត្រីបាននិងកំពុងតស៊ូមតិអំពី “ពហុប៉ូល” នៅក្នុងវេទិកាពិភពលោក និងសម្រាប់តួនាទីកាន់តែធំសម្រាប់ឥណ្ឌា នៅក្នុងស្ថាប័នដូចជាក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនដែលជាសមាជិក អចិន្ត្រៃយ៍នៃក្រុមមានឥទ្ធិពល បានប្រឆាំងនឹងការកើនឡើង របស់ឥណ្ឌាជាសមាជិកអចិន្ត្រៃយ៍៕

ប្រែសម្រួលៈ ណៃ តុលា

To Top