៧៥ឆ្នាំ គិតដល់ត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដែលប្រជាជនចិន ទទួលបានភាពពេញលេញ ជាម្ចាស់ប្រទេស ម្ចាស់អំណាចក្រោមទម្រង់ ប្រជាធិបតេយ្យ តាមបែបផែនចិន ឬប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើការទាំងមូល តាមរយៈការបើកទំព័រប្រវតិ្តសាស្រ្តចិនថ្មី ដែលមានឈ្មោះថា សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សកុម្មុយនិស្តចិន ដែលមានលោក Mao Zedong ជាស្ថាបនិក ជាអគ្គមគ្គុទេសក៍ និងជាវីរជនដ៏មហិមា របស់ប្រជាជនចិន ។
សាធារណរដ្ឋប្រជាមានិតចិន ដែលធានា នូវសច្ចធម៌នៃប្រព័ន្ធច្បាប់ មិនត្រឹមតែជាក្តីសង្ឃឹម សម្រាប់ប្រជាជាតិចិនប៉ុណ្ណោះទេ ថែមទាំងជាក្តីសុបិនរួម របស់ពិភពលោក ដែលប្រទេសចិន តែងបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្តល់ជា កាលានុវត្តភាព នៃការរីកចម្រើន ជូនដល់ពិភពលោក ។ ដូចដែលតែងបានលើកឡើងថា «ឱកាសមិនរង់ចាំយើងមកទទួល ក្នុងពេលដែលបញ្ហាក៏មិនរង់ចាំ យើងគេចចេញដែរ» ក្នុងន័យនេះប្រាជ្ញារបស់ចិន មានភាពវាងវៃលើដំណោះស្រាយ បញ្ហាសកលនានា ដោយបានប្រែក្លាយជាកាលានុវត្តភាព ដូចមាននៅក្នុងកិច្ចសហប្រតិបត្តិការ តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានផ្តួចផ្តើម ដោយលោក Xi Jinping ប្រធានរដ្ឋចិន ជាសក្ខីភាពស្រាប់ ។ បន្ថែមពីលើនេះ វឌ្ឍនភាព របស់សាធារណរដ្ឋ ប្រជាមានិត ចិន ក្នុងរយៈពេល៧៥ឆ្នាំ មិនអាចកាត់ផ្តាច់ចេញពីប្រវត្តិ របស់គណបក្សកុម្មុយនិស្តចិនដោយរាប់ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ បានក្លាយជាគំរូភាព ជាបទពិសោធន៍ដល់បក្សនយោបាយ របស់ពិភពលោកក្នុងការសិក្សារៀនសូត្រដោយផ្ទាល់ និងដោយប្រយោល ដើម្បីសម្រេច បានសមិទ្ធផលមហិមា ដូចដែលមនុស្សជាតិ បាននិងកំពុងយល់ជ្រាបនាពេលនេះ។
៧៥ឆ្នាំនៃថ្ងៃកំណើត សាធារណរដ្ឋប្រជាមានិតចិន ដែលមិនត្រឹមបាននាំប្រជាជនចិន ចាកផុតពីភាពក្រីក្រដោយសម្រេចបាន គោលដៅ១០០ឆ្នាំ ទី១ ដែលបានដាក់ចេញ ដោយបក្សកុម្មុយនិស្តចិនប៉ុណ្ណោះទេ ថែមទាំងបានជម្នះឧបសគ្គនានា សន្តិសុខស្បៀងអាហារ ជូនដល់បណ្តាប្រទេសនានា ជាច្រើននៅក្នុងពិភពលោកទាំងមូលទៀតផងដោយរាប់បញ្ចូលទាំងគំនិតផ្តួចផ្តើម«អភិវឌ្ឍន៍សកល»បានរំលេចពីកិច្ចសហប្រតិបត្តិការធានាសន្តិសុខស្បៀងក្នុងអំឡុងពេលដែលវិបត្តិជំងឺCovid-១៩ផងដែរ។ ដោយមានលោក Xi Jinping ប្រធានរដ្ឋចិនជាស្នូល ទស្សនៈដែលបានពោលថា «មានស្បៀងក្នុងដៃ មិនភិតភ័យក្នុងចិត្ត» ត្រូវបានគូសបញ្ជាក់នៅក្នុងផែនការ ធ្វើទំនើបកម្មសង្គមនិយម តាមបែបផែនចិន ស្តីពីសន្តិសុខស្បៀង ដែលសាធារណរដ្ឋ ប្រជាមានិតចិន តាំងពីពេលចាប់ផ្តើមគិត រហូតមកដល់វ័យ៧៥ឆ្នាំនេះ ជានិច្ចកាលតែងបានធានា ជូនប្រជាជនចិនជាង១,៤០០លាននាក់ ឬស្មើនឹង១/៥នៃចំនួនប្រជាជនក្នុងពិភពលោក ។ ដើម្បីធានាបាននូវសន្តិសុខស្បៀង សន្តិភាពគឺជាបញ្ញតិ្តគន្លឹះ ដែលសាធារណរដ្ឋប្រជាមានិតចិន តែងប្រកាន់យកដោយផ្តើមពីគោលការណ៍សន្តិភាព៥ប្រការ គឺ១)ការគោរពគ្នាទៅវិញទៅមក ចំពោះបូរណភាពទឹកដីនិងអធិបតេយ្យភាព ២)ការមិនឈ្លានពាន ៣)ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ៤)ការគោរពនិងផ្តល់តម្លៃ ចំពោះសមភាព និងផលប្រយោជន៍ ទៅវិញទៅមក និង ៥)ការរួមរស់ដោយសន្តិភាពនិងសុខដុមនីយកម្ម ។
គោលការណ៍សន្តិភាព ដែលបានផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥៤ ដោយប្រាជ្ញាចិន បានក្លាយជាយន្តការអន្តរជាតិ ដ៏សំខាន់ សម្រាប់រក្សាលំនឹង សន្តិភាពសកល និងថែរក្សាគុណតម្លៃ រួមរបស់មនុស្សជាតិ ដោយបានក្លាយជាធាតុចូល ដ៏សំខាន់ដល់គំនិតផ្តួចផ្តើម «សន្តិសុខសកល» ដែលប្រទេសជាច្រើនទទួលផលពីចំណងមិត្តភាព សន្តិភាពនេះ។
៧៥ឆ្នាំដែលប្រជាជនចិន បានបង្កើនសាមគ្គីភាព ស្របតាមទស្សនៈ«ដរាបណាយើងមានចិត្តនិងឆន្ទៈសាមគ្គីគ្នា ទោះបីជាភ្នំថៃសានក៏យើង អាចរំកិលបានដែរ» គឺគតិដែលបានបំភ្លឺផ្លូវទាញ សេដ្ឋកិច្ចដ៏ទន់ខ្សោយរបស់ពីពេលចាប់ផ្តើម បដិសន្ធិសាធារណរដ្ឋប្រជាមានិតចិន ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកប្រកបដោយសុខភាពយ៉ាងរឹងមាំដោយគិតចាប់ពីឆ្នាំ២០១០មក ព្រមទាំងបាននិងកំពុងបន្ត ក្លាយជាកាលានុវត្តភាពនៃសេដ្ឋកិច្ចសកល ។ ស្របតាមទស្សនៈ «មិនភ្លេចគោលបំណងដើមនិងគោលដៅរបស់ខ្លួន ហើយបង្កើននិងពង្រីកការកែទម្រង់ និងកែលម្អវិធីសាស្រ្តនិងមធ្យោបាយ» បានផ្តល់ជាគន្លឹះដល់កំណែទម្រង់សេដ្ឋកិច្ចបើកទូលាយនាឆ្នាំ១៩៧៨ នាំសេដ្ឋកិច្ចរបស់សាធារណរដ្ឋ ប្រជាមានិតចិនស្គាល់ នូវវឌ្ឍនភាពរុងរឿង និងបន្តក្លាយជាគំរូ និងផ្លូវកាត់ទៅកាន់គោលដៅវិបុលភាព ជូនដល់បណ្តាសេដ្ឋកិច្ចសកលឈានឆ្ពោះទៅ សម្រេចបាននូវគោលដៅវិបុលភាពដូចប្រទេសចិនជាទឡ្ហីករណ៍បញ្ជាក់ស្រាប់ ។ តួយ៉ាងយន្តការWTO, BRICS, SCO, APEC, RCEP, G20, G77 និងបណ្តាកិច្ចសហប្រតិបត្តិការភាពជាដៃគូទ្វេភាគី និងពហុភាគីជាច្រើនទៀត ដែលទាំងប្រទេសចិន ទាំងបណ្តាប្រទេសនានាបានទទួលផល យ៉ាងច្រើនស្របតាមគោលនយោបាយ មិនងាករេនិងច្បាស់លាស់របស់ប្រទេសចិន ចំពោះពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្រោមខ្លឹមសារសំខាន់ នៃការធ្វើកំណែទម្រង់បើកទូលាយ ។
ដោយចូលរួមយ៉ាងរីករាយ ជាមួយនិងវឌ្ឍនភាពសង្គមរបស់ប្រទេសចិនដែលមានមរតកអរិយធម៌ជាង៥ពាន់ឆ្នាំរបស់ខ្លួន ពិភពលោកបាននិងកំពុងយល់ ស្រប ព្រមទាំងអនុវត្តតាមប្រាជ្ញាចិន ស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌សកល» ដែលបាននិង កំពុងក្លាយជាយន្តការ មួយដ៏សំខាន់ជួយលើកស្ទួយពហុភាគី និយមក្រោមក្រប ខណ្ឌពហុសាសនា ពហុទំនៀម ទម្លាប់ ពហុជាតិសាសន៍ ពហុភាសាជាដើមទៅជាភូមិសកលមួយ នៃសហគមន៍ដែលមានមាន ជោគវាសនារួមគ្នា ដោយផ្តល់សុភមង្គល និងវិបុលភាពរួមសម្រាប់មនុស្សជាតិ។
៧៥ឆ្នាំដែលប្រជាជនចិន បាននិងកំពុងបន្តនូវហ្សែនរាប់ពាន់ឆ្នាំរបស់ខ្លួន ចូលរួមបង្កើនសម្រស់បៃតងភាពជូនដល់ផែនដី ទស្សនៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានផ្តើមដោយលោក Xi Jinping កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៥ បានក្លាយជាទិវាជាតិអេកូឡូស៊ីចាប់ពីឆ្នាំ២០២៣មក ហើយបានចាក់ឬសយ៉ាង ជ្រៅមិនត្រឹម សម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្តែង ជូនដល់មនុស្សជាតិថែមទៀតផង ។ សុខដុមនីយកម្មជាមួយធម្មជាតិ គឺជាគំរូបៃតងភាពដែលប្រទេសចិន បាននិងកំពុងចូលរួមពង្រីកសេដ្ឋកិច្ចបៃតង ដោយបានពង្រីកវិសាលភាពជាមួយនិង បរទេសតាមរយៈបរិក្ខាអគ្គិសនីថាមពលស្អាត និងរថយន្តអគ្គិសនីជាដើម។ ៧៥ឆ្នាំមកនេះ វណ្ណកម្មវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាច្រើនសន្ធឹកផ្តល់ដល់សង្គមចិននិងពិភពលោករួមជាមួយមហាដំណើរលំហអាវកាសចិនក៏បាននិងកំពុងរួមចំណែកយ៉ាងខ្លាំងដល់ទំនើបកម្មជីវភាពរស់នៅ របស់មនុស្សជាតិក្នុងយុគសម័យឌីជីថលនីយកម្ម ហើយជំរុញភាពស្និទ្ធស្នាលរវាងគ្នានិងគ្នាប្រៀបដូចជាគ្រួសារតែមួយ ហើយរយៈពេល១១ឆ្នាំចុងក្រោយនេះ ចិននិងបណ្តាប្រទេសនានាកំពុងពង្រឹង និងពង្រីកជាលំដាប់ ក្នុងការជ្រោងទង់ លើកកម្ពស់ស្មារតីសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ។
ជារួម ពីប្រទេសកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលជាមិត្តដែកថែបរបស់ចិន ត្រៀមខ្លួនរួចជាស្រេច ចូលរួមអបអរសាទរ ជាមួយមិត្តបរទេសនានា នៅលើពិភពលោកជូនពរ ដល់ប្រជាជននិងប្រទេសចិន សម្រាប់ខួប៧៥ឆ្នាំ ថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីឈានទៅសម្រេច បានកាន់តែឆាប់នូវការកសាង ប្រទេសចិនតាមបែបសង្គមនិយមទំនើប ដែលប្រកបដោយភាពសម្បូរសប្បាយនិងខ្លាំងក្លា ប្រជាធិបតេយ្យ អរិយធម៌ចុះសម្រុងនិងស្រស់ស្អាត ៕ ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន