ព័ត៌មានអន្តរជាតិ

អាហ្វហ្គានីស្ថាន ដាក់សម្ពោធឲ្យដំណើរការ ទំនប់ទឹកដ៏ធំដែលទើបសាងសង់ ថ្មីនៅខេត្តភាគខាងត្បូង

xinhua

អាហ្វហ្គានីស្ថាន៖ លោក Habibullah Ibrahimkhil អ្នកគ្រប់គ្រងទំនប់ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទំនប់ទឹកដ៏ធំដែលទើបតែបានសាងសង់ថ្មីនៅក្នុងខេត្ត Zabul ស្ថិតនៅភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថានត្រូវបានដាក់សម្ពោឲ្យប្រើប្រាស់ជាផ្លូវការហើយ  ។


មន្ត្រីខាងលើបានបញ្ជាក់ថា ទំនប់ទឹកនេះត្រូវបានសាងសង់ក្នុងរយៈពេល០២ឆ្នាំដោយប្រើថវិកាអស់១២៧លានដុល្លារអាហ្វហ្គានីស្ថាន ស្មើនឹងប្រហែល១,៨៤លានដុល្លារសហរដ្ឋអាមេរិក ដែលនៅជាយក្រុង Qalat នៃខេត្តខាងលើ ហើយទំនប់នេះដែរនឹងស្រោចស្រពលើផ្ទៃដីចំនួន៥៦០ហិកតា និងផ្គត់ផ្គង់អគ្គិសនីដល់ភូមិដែលស្ថិតនៅក្បែរនោះ ។

គួររំលឹកថា កាលពី២សប្តាហ៍មុន អាជ្ញាធរអាហ្វហ្គានីស្ថាន បានបើកបណ្តាញផ្គត់ផ្គង់ទឹក និងរោងចក្រចម្រោះទឹកនៅក្នុងរដ្ឋធានីកាប៊ុល រួចហើយដែរ ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ រដ្ឋាភិបាលប្រចាំការរបស់អាហ្វហ្គានីស្ថាន បានបើកដំណើរការគម្រោងអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ បូករួមទាំងទំនប់ទឹក ប្រឡាយទឹក ផ្លូវហាយវេស៍ ផ្លូវថ្នល់ និងប្រព័ន្ធថាមពលដើរដោយពន្លឺព្រះអាទិត្យ គិតចាប់តាំងពីបានកាន់អំណាចកាលពី៣ឆ្នាំមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top