បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានព្រមានក្នុងអំឡុងកិច្ចប្រជុំ ជាមួយនិស្សិត សាកលវិទ្យាល័យ កាលពីថ្ងៃសុក្រថា ការវាយប្រហាររបស់ណាតូ លើប្រទេសរបស់ខ្លួន នឹងអាចឈានទៅ ដល់ការបង្កឱ្យមានសង្គ្រាមលោក និងជំរុញឱ្យទីក្រុង Minsk ពង្រាយអាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបជាមិនខាន ។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើធ្វើវិសោធនកម្ម លើគោលការណ៍ នុយក្លេអ៊ែររបស់ប្រទេសរួចមកហើយដែលនៅក្រោមការផ្លាស់ប្តូរនេះ ការឆ្លើយតបនុយក្លេអ៊ែរអាចត្រូវបានបង្កឡើង ប្រសិនបើរុស្ស៊ី ឬបេឡារូសក្លាយជាគោលដៅ នៃការឈ្លានពាន ដោយប្រើអាវុធធម្មតាដោយរដ្ឋដែលមិនមែនជានុយក្លេអ៊ែរ ប៉ុន្តែដោយមានការចូលរួម ឬការគាំទ្រពីរដ្ឋនុយក្លេអ៊ែរ។
លោក Lukashenko បាននិយាយទៀតថា ៖ នៅពេលដែលពួកគេវាយប្រហារយើង យើងប្រើអាវុធនុយក្លេអ៊ែរ។ ហើយរុស្ស៊ីចូលរួម សម្រាប់ពួកយើង ។ ការវាយប្រហារណា មួយលើបេឡារូស នឹងបង្កឱ្យមានសង្គ្រាម លោកលើកទីបី ជាមិនខាន។
មេដឹកនាំបេឡារូសក៏បានអះអាងដែរថា សហរដ្ឋអាមេរិក និងប៉ូឡូញបាននិងកំពុងពង្រឹង កម្លាំងរបស់ពួកគេនៅតាមព្រំដែន ហើយថា មេដឹកនាំនៅទីក្រុង Warsaw ក៏កំពុងដុតកំដៅដៃ របស់ខ្លួនខ្លួនរួចហើយដែរ ។
លោក Lukashenko ក៏បានទទួលស្គាល់ថា ប្រសិនបើទីក្រុង Minsk ប្រើប្រាស់អាវុធនុយក្លេអ៊ែរ លោកខាងលិចទំនង ជានឹងឆ្លើយតប និង កំណត់គោលដៅ លើប្រទេសរុស្ស៊ីផងដែរ ដែលនឹងជំរុញឱ្យទីក្រុងមូស្គូ បញ្ចេញអាវុធទាំងមូល របស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី