ញ៉ូដេលី ៖ មួយករណីទៀតនៃជំងឺអុតស្វា ហៅថា (mpox) ត្រូវបានគេរកឃើញ កាលពីថ្ងៃសុក្រនៅក្នុងប្រទេសឥណ្ឌា ដោយធ្វើឱ្យចំនួនសរុប នៃអ្នកឆ្លងវីរុសជំងឺនេះ បានកើនឡើងដល់០៣នាក់ ហើយនៅក្នុងប្រទេសនេះ ។
យោងតាមទូរទស្សន៍រដ្ឋ All India Radio ហៅកាត់ថា (AIR) បានផ្សព្វផ្សាយថា បុរសវ័យ៣៨ឆ្នាំម្នាក់ត្រូវបានគេបញ្ជាក់ថា បានឆ្លងមេរោគបង្កជំងឺ mpox នៅរដ្ឋ Kerala ដែលជាករណីទី២ នៅក្នុងរដ្ឋនេះគិតមកដល់ពេលនេះ ។
ទូរទស្សន៍ AIR បានផ្សាយថា “ប្រភពបានឲ្យដឹងថា បុរសដែលបានធ្វើដំណើរវិល ត្រលប់មក Kochi ពីបរទេសវិញនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជន មួយកន្លែងដើម្បីព្យាបាល ។
កាលពីថ្ងៃសុក្រ លោកស្រី Veena George រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រចាំតំបន់ Kerala បានកោះប្រជុំសំខាន់បំផុត នៅ៑ឯThiruvananthapuram ដើម្បីគ្រប់គ្រងស្ថានភាពនេះ ។ មន្ទីរសុខាភិបាលបានរៀបចំបញ្ជីឈ្មោះ នៃការទំនាក់ទំនងអ្នកឆ្លង និង ពង្រឹងវិធានការបង្ការដរោគ ផងដែរ ។ លោកស្រីបានលើកឡើងថា អ្នកដែលមានរោគ សញ្ញាគួរតែធានាថា មេរោគមិនឆ្លងទៅអ្នកដទៃទៀត ។
លោកស្រី George បានថ្លែងថា “អ្នកដែលមកពីបរទេសគួរតែស្វែងរកការព្យាបាល និងជូនដំណឹងទៅមន្ទីរសុខាភិបាល ប្រសិនបើពួកគេមានរោគសញ្ញាណាមួយគួរឲ្យសង្ស័យ” ។
គួររំលឹកថា កាលពីថ្ងៃចន្ទ មេរោគបង្កជំងឺ mpox clade 1b ត្រូវបានរកឃើញនៅក្នុងខ្លួនបុរសវ័យ៣៨ឆ្នាំម្នាក់មកពីស្រុក Malappuram នៃរដ្ឋ Kerala នេះដែរ ។
ករណីមុននៃអ្នកឆ្លងជំងឺ mpox ដែលបានកើតឡើងនៅទីក្រុង ញ៉ូដេលី គឺជាអ្នកស្រុកដែលមានវ័យ២៦ ឆ្នាំនៅHisar ដែលជាប្រជុំជនរបស់ក្រុង Haryana ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់ប្រភេទ clade 2 ដែលមានប្រភពដើមឆ្លងពីអាហ្វ្រិកខាងលិច ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខភាព សហព័ន្ធរបស់ប្រទេស ឥណ្ឌា បានស្នើឱ្យរដ្ឋទាំងអស់កំណត់ អត្តសញ្ញាណគ្រឿង បរិក្ខារ និងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ការថែរក្សាទាំងករណីសង្ស័យ និងករណីឆ្លងជំងឺ mpox ដែលបានបញ្ជាក់ច្បាស់ ។
គួរបញ្ជាក់ថា ជំងឺអុតស្វា រឺហៅថា Monkeypox គឺជាជំងឺឆ្លងពីសត្វមកមនុស្ស ដែលបង្ហាញរោគសញ្ញារួមមានគ្រុនក្តៅ កន្ទួលលក្ខណៈរាលដាលច្រើន និង ជាធម្មតាហើមកូនកណ្តុរ ។
នៅក្នុងខែសីហាកន្លងមកនេះ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានប្រកាសថា ជំងឺ mpox ជាជំងឺបង្កគ្រោះអាសន្ន ដល់សុខភាពសាធារណៈដែលជាក្តីបារម្ភ សម្រាប់អន្តរជាតិទាំងមូល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា