ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងបញ្ជូនយន្តហោះ SDF ដើម្បីជម្លៀស ប្រជាជនរបស់ខ្លួន នៅប្រទេសលីបង់

kyodo

តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ខ្លួននឹងបញ្ជូនយន្តហោះ កងកម្លាំងស្វ័យការពារ ដើម្បីរៀបចំ សម្រាប់ការជម្លៀស ពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសលីបង់ ចំពេលមានការភ័យខ្លាច នៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត លីបង់ហេសបូឡា ។

តាមការស្នើសុំ របស់ក្រសួងការបរទេស រដ្ឋមន្ត្រី ការពារជាតិលោក Minoru Kihara បានណែនាំ SDF ឱ្យបញ្ជូនយន្តហោះដឹក ជញ្ជូនទៅកាន់ប្រទេស ហ្ស៊កដានី និងក្រិក ជាកន្លែងដែលពួកគេនឹងត្រូវដាក់ឱ្យនៅរង់ចាំ។

នៅព្រឹកថ្ងៃដដែល លោក Kihara បានប្រាប់សន្និសីទសារព័ត៌មានថា យន្តហោះ SDF រួមទាំងយន្តហោះដឹកជញ្ជូន C2 បានត្រៀមទុករួចជាស្រេចនៅក្នុងប្រទេសជប៉ុន ក្នុងករណីដែលពលរដ្ឋរបស់ខ្លួន ត្រូវជម្លៀសចេញពីប្រទេសអ៊ីស្រាអែល ហើយបានបន្ថែមថា រដ្ឋាភិបាលជប៉ុន នឹងដោះស្រាយឱ្យបានសមស្រប ជាមួយស្ថានភាពអំពីរបៀប ដែលព្រឹត្តិការណ៍កើតឡើង ។

យោង​តាម​ក្រសួង​ការ​បរទេស​ជប៉ុន ជន​ជាតិ​ជប៉ុន​ ប្រហែល ៥០​នាក់ កំពុង​រស់​នៅ ឬ​ធ្វើ​ការ​ក្នុង​ប្រទេស​លីបង់ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

ការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ សំដៅទៅ លើក្រុមហេសបូឡា ដែលជាប្រូកស៊ី របស់អ៊ីរ៉ង់ កាន់តែខ្លាំងក្លា នាពេលថ្មីៗនេះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ បានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែត ចូលទៅក្នុងប្រទេស អ៊ីស្រាអែល ក្នុងការវាយប្រហារ បន្ទាប់ ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលជាការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើល ដោយក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីនហាម៉ាស់ ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានអំពាវនាវ ឱ្យមានបទឈប់បាញ់រយៈពេល ២១ ថ្ងៃនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ដើម្បីទប់ស្កាត់ការកើនឡើង នៃអំពើហិង្សាបន្ថែមទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top