យេរ៉ូសាឡឹម៖ អ្នកនាំពាក្យកងកម្លាំង ការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងថា យោធានឹងមិនអនុញ្ញាត ឱ្យមានការផ្ទេរ អាវុធណាមួយ ទៅកាន់ក្រុមហេសបូឡា រួមទាំងតាមរយៈអាកាសយានដ្ឋាន អន្តរជាតិរបស់ ទីក្រុងបេរូតផងដែរ ។
លោកបានបញ្ជាក់ថា យន្តហោះរបស់កងទ័ពអាកាស អ៊ីស្រាអែល កំពុងល្បាតតំបន់ព្រលានយន្តហោះ ដោយបន្ថែមថា “យើងដឹងពីការផ្ទេរសព្វាវុធរបស់អ៊ីរ៉ង់ទៅឱ្យក្រុមហេសបូឡា ហើយយើងនឹងរារាំងពួកគេ”។
លោកបានបន្ថែមថា “យើងប្រកាសជាមុនថា យើងនឹងមិនអនុញ្ញាត ឱ្យជើងហោះហើរអរិភាព ជាមួយអាវុធចូល ចតក្នុងទីក្រុងបេរូតឡើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានរាយការណ៍ថា IDF នៅតែស្ថិតក្នុងការត្រៀម ខ្លួនខ្ពស់បំផុត ហើយកំពុងវាយតម្លៃ លទ្ធផល នៃការវាយប្រហារលើទីស្នាក់ការធំរបស់ក្រុមហេសបូឡា ដែលមានទីតាំងនៅក្រោមដីចំកណ្តាលរចនាសម្ព័ន្ធស៊ីវិល នៅទីក្រុង Dahieh ។
លោកក៏បានប្រកាសពីផែនការ សម្រាប់ការវាយប្រហារ ដែលជិតមកដល់លើសមត្ថភាព ក្រុមហេសបូឡា ជាយុទ្ធសាស្ត្រ ដែលបានកប់ពន្ធ នៅក្រោមអគារ ចំនួនបីក្នុងទីក្រុង Dahieh ដោយជំរុញឱ្យជនស៊ីវិល នៅក្នុងតំបន់នោះជម្លៀស ចេញជាបន្ទាន់៕
ប្រែសម្រួល ឈូក បូរ៉ា