ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា បានអះអាងជាថ្មីនូវ “ការប្តេជ្ញាចិត្តយ៉ាងមុតមាំ” របស់ខ្លួនក្នុងការគាំទ្រដល់គោលដៅ របស់ក្រុមប្រទេសជាមិត្ត ក្នុងការការពារធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ។
លោកបានឲ្យដឹងក្នុងអំឡុង ពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៦ នៃក្រុមនេះថា “នៅក្នុងគ្រាដ៏លំបាកទាំងនេះ ក្រុមមិត្តក្នុងការការពារ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវតែធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ រួម និងដោយអះអាង ដើម្បីធានានូវការគោរពពេញលេញ ចំពោះគោលការណ៍ ដែលមានចែងនៅក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ”។
វត្តមាននៅក្នុងព្រឹត្តិការណ៍នេះមាន តំណាងមកពីប្រទេសចំនួន២១ ដែលក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន ១៨នាក់ និងអ្នកចូលរួមចំនួន ៣នាក់ ដែលត្រូវបានអញ្ជើញ ៕
ប្រែសម្រួល ឈូក បូរ៉ា