ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការវាយប្រហារ របស់អ៊ីស្រាអែល លើទីក្រុងបេរូតថា ជាឧក្រិដ្ឋកម្មសង្គ្រាម

Xinhua

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្កោលទោសការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ីស្រាអែល នាពេលថ្មីៗនេះ លើទីក្រុង Dahieh ជាយក្រុងភាគខាងត្បូង នៃទីក្រុងបេរូត ថាជាឧក្រិដ្ឋកម្មសង្រ្គាម យ៉ាងច្បាស់បំផុត ។

នៅក្នុងសារមួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA លោក Pezeshkian បានឲ្យដឹងថា សកម្មភាពរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន និងប្រជាជនលីបង់ បានគូសបញ្ជាក់អំពីការបរាជ័យ របស់សហគមន៍អន្តរជាតិ ក្នុងការបញ្ឈប់នូវអ្វីដែលលោកហៅថា “ម៉ាស៊ីនរបស់រដ្ឋភេរវកម្ម” ដោយចាត់ទុកអ៊ីស្រាអែលថាជា “ការគំរាមកំហែងដ៏ធំបំផុត” ចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។

លោកបានជំរុញឱ្យប្រទេសទាំងអស់ ជាពិសេសរដ្ឋមូស្លីម ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ ដោយបញ្ជាក់ថា ការវាយប្រហារតាមអាកាស បានបង្ហាញពីលក្ខណៈនៃ “អំពើភេរវកម្មរដ្ឋ” របស់អ៊ីស្រាអែល។

ប្រធានាធិបតីអ៊ីរ៉ង់ បានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ និងបានប្តេជ្ញាថា រដ្ឋាភិបាលអ៊ីរ៉ង់ នឹងបន្តទទួលខុសត្រូវ ចំពោះ “ឧក្រិដ្ឋកម្ម” ដោយបញ្ជាក់ពីការគាំទ្រ សម្រាប់ប្រជាជនលីបង់ និងចលនាតស៊ូ ដ៏ទូលំទូលាយបំផុត ។

សាររបស់លោក Pezeshkian បានធ្វើឡើង បន្ទាប់ពីការវាយប្រហារ តាមអាកាសដ៏ខ្លាំងក្លា ដែលសំដៅទៅលើទីស្នាក់ការ កណ្តាល របស់ក្រុមហេសបូឡា ដែលបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងតិច ៦ នាក់ និងរបួស ៩១នាក់ផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top