ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ទទូច​ឲ្យ​បន្ដធ្វើ​ការ ​វាយ​ប្រហារ​នៅ​លីបង់ និងផ្ញើសារគំរាម ​ទៅកាន់អ៊ីរ៉ង់

Xinhua

យូអិន៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹង នៅឯមហាសន្និបាត អង្គការសហប្រជាជាតិថា នឹងមិនមានបទឈប់បាញ់ភ្លាមៗ នៅក្នុងជម្លោះ ដែលកំពុងកើនឡើងយ៉ាងឆាប់ រហ័សរបស់ប្រទេស របស់លោកជាមួយ ប្រទេសលីបង់នោះទេ។

លោកបានលើកឡើងថា “យើងប្រឈមមុខនឹងសត្រូវដ៏សាហាវ ដែលស្វែងរកការបំផ្លិចបំផ្លាញ របស់យើង ហើយយើងត្រូវតែការពារខ្លួនយើងប្រឆាំង នឹងឃាតករដ៏សាហាវព្រៃផ្សៃទាំងនេះ ដែលស្វែងរកមិនត្រឹមតែបំផ្លាញ យើងប៉ុណ្ណោះទេ ថែមទាំងបំផ្លាញអរិយធម៌របស់យើង ហើយយើងទាំងអស់គ្នាត្រលប់ទៅយុគងងឹតនៃរបបផ្តាច់ការ និងភេរវកម្ម” ។

លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមថា “អ៊ីស្រាអែល មានសិទ្ធិគ្រប់យ៉ាងក្នុងការ ដកចេញនូវការគំរាមកំហែងនេះ ហើយបញ្ជូនពលរដ្ឋ របស់យើងត្រឡប់ទៅផ្ទះ របស់ពួកគេវិញ ដោយសុវត្ថិភាព ហើយនោះជាអ្វីដែលយើងកំពុងធ្វើ”។

ទន្ទឹមនឹងនេះ លោកបានប្រើផ្នែកធំ នៃសុន្ទរកថារបស់លោក ដើម្បីព្រមានពីការគំរាមកំហែងរបស់អ៊ីរ៉ង់ ដោយបង្ហាញថា អ៊ីស្រាអែល ត្រូវតែការពារខ្លួននៅលើមុខជម្លោះ ដែលរៀបចំឡើងដោយទីក្រុងតេអេរ៉ង់ ។

លោកបានបន្ដថា “គ្មានកន្លែងណា នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលអាវុធរយៈចម្ងាយឆ្ងាយ របស់អ៊ីស្រាអែល មិនអាចទៅដល់បាននោះទេ ហើយនោះជាការពិត នៃមជ្ឈិមបូព៌ាទាំងមូល ខ្ញុំមានសារមួយសម្រាប់ ជនផ្តាច់ការនៃទីក្រុងតេអេរ៉ង់ថា “ប្រសិនបើអ្នកវាយប្រហារពួកយើង យើងនឹងវាយប្រហារអ្នកដូចគ្នា”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top