ព័ត៌មានអន្តរជាតិ

អភិបាលខេត្តកំពង់ចាម ដាក់វិធានការដល់អាជ្ញាធរ ឲ្យបន្តតាមដានស្ថានភាពទឹក និងផ្សព្វផ្សាយជាប្រចាំ ដើម្បីការពារដល់សុវត្ថិភាព ប្រជាពលរដ្ឋ ក្នុងពេលទឹកជំនន់ កំពុងស្រកចុះ

កំពង់ចាម ៖ បន្ទាប់ពីបានចុះពិនិត្យ និង សួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្ថានភាពមានទឹកជំនន់ នៅក្នុងភូមិសាស្ត្រ ស្រុកស្ទឹងត្រង់ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដាក់វិធានការឲ្យអាជ្ញាធរមូលដ្ឋាន បន្តតាមដានស្ថានភាពទឹក និងផ្សព្វផ្សាយជាប្រចាំ ដើម្បីការពារដល់សុវត្ថិភាព ប្រជាពលរដ្ឋ ក្នុងពេលទឹកជំនន់ កំពុងស្រកចុះទៅវិញនេះ ។

លោកអភិបាលខេត្ត បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ចាម ឆ្នាំនេះ មានស្រុកចំនួន ៥ ដែលរងផលប៉ះពាល់ ដោយទឹកជំនន់ទន្លេមេគង្គ ក្នុងនោះមានស្រុកស្ទឹងត្រង់ , ស្រុកកំពង់សៀម, ស្រុកកោះសូទិន, ស្រុកកងមាស , និងស្រុកស្រីសន្ធរ ។

ទន្ទឹមនិងនេះ លោកអភិបាលខេត្ត បានដាក់វិធានការបន្ត ដើម្បីអនុវត្ត សម្រាប់ក្របខ័ណ្ឌអាជ្ញាធរដែនដីផង និងសម្រាប់ក្របខណ្ឌគណៈកម្មការគ្រប់គ្រង គ្រោះមហន្តរាយ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ សូមឱ្យបន្ត តាមដាននូវស្ថានភាពអាកាសធាតុ និងស្ថានភាពទឹក បើទោះជាក្នុងខណៈពេលទឹកស្រកទៅវិញក៏ដោយ គឺត្រូវស្ទាក់ទឹកទុកស្រោចស្របដំណាំ ប្រសិនបើទឹកស្រកចុះលឿន ។ ទន្ទឹមនឹងនេះ សូមឱ្យអាជ្ញាធរបន្តណែនាំ ដល់ប្រជាពលរដ្ឋយើង សូមឱ្យមានការប្រុងប្រយ័ត្ន ពិសេសគឺប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅកៀកច្រាំងទន្លេ ជៀសវាងការបាក់ច្រាំង បង្កឲ្យមានគ្រោះថ្នាក់ដល់ពួកគាត់ ។

ម្យ៉ាងទៀត សូមធ្វើការផ្សព្វផ្សាយហើយបងប្អូនប្រជាពលរដ្ឋរក្សានូវអនាម័យ ថែរក្សាសុខភាព និងថែរក្សាក្មេងៗ ឲ្យបានហ្មត់ចត់ ចៀសវាងមានគ្រោះថ្នាក់ដោយសារលង់ទឹក បើទោះជាទឹកទន្លេមេគង្គកំពុងស្រកចុះក៏ដោយ ។ ហើយការផ្សព្វផ្សាយអប់រំនេះ សូមធ្វើជាប្រចាំរហូតដល់ទឹកស្រកអស់លែងមានហានិភ័យ ។

លោក អ៊ុន ចាន់ដា ក៏បានណែនាំផងដែរ សូមឱ្យអាជ្ញាធរស្រុកទាំង៥ ធ្វើការស្រង់ទិន្នន័យអំពីផលប៉ះពាល់ ដូចជាផ្លូវ លំនៅដ្ឋាន សត្វពាហនៈ និងដំណាំផ្សេងៗជាដើម បន្ទាប់មកសូមធ្វើការញែកទិន្នន័យវាយតម្លៃអំពីការខូចខាត រហូតដល់ការបិទបញ្ចប់ នឹងធ្វើរបាយការណ៍បូកសរុប ដើម្បីធ្វើសំណើរទៅប្រមុខរាជរដ្ឋាភិបាល សុំកិច្ចអន្តរាគមន៍ផ្តល់ការស្ដារឡើងវិញ ៕

To Top