ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល សម្លាប់មេដឹកនាំក្រុម ហេសបូឡាម្នាក់ទៀត បានបង្កឱ្យមានការភ្ញាក់ផ្អើល ពេញប្រទេសលីបង់ និងមជ្ឈិមបូព៌ា

VOA

វ៉ាស៊ីនតោន ៖ ក្រុមហេសបូឡានៅ ក្នុងប្រទេសលីបង់ បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា មេដឹកនាំរបស់ខ្លួន និងសមាជិកស្ថាបនិក គឺលោក Hassan Nasrallah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅជាយក្រុង បេរ៉ូត ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្លាប់មេដឹកនាំយូរអង្វែង របស់ក្រុមសកម្មប្រយុទ្ធ ដ៏មានឥទ្ធិពលនេះ គឺបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញប្រទេសលីបង់ និងមជ្ឈិមបូព៌ា ជាកន្លែងដែលគាត់បានក្លាយជាឥស្សរជននយោបាយ និងយោធាដ៏លេចធ្លោអស់រយៈពេលជាង ៣ទសវត្សរ៍។

លោក Nasrallah ដែលត្រូវបានភ្ជាប់ដោយ អ៊ីស្រាអែល ទៅនឹងការវាយប្រហារដ៏ខ្លាំងក្លា ជាច្រើនទៅលើគោលដៅ របស់អ៊ីស្រាអែល និងជនជាតិជ្វីហ្វ គឺលោកបានស្ថិត នៅក្នុងបញ្ជីសម្លាប់របស់អ៊ីស្រាអែល អស់ជាច្រើនទសវត្សរ៍មកហើយ។ ការធ្វើឃាតគឺរហូតមកដល់ពេលនេះ គឺជាលទ្ធផលដ៏ធំបំផុត និងជាផលវិបាកបំផុត នៃការសម្លាប់គោលដៅ របស់អ៊ីស្រាអែលក្នុងរយៈពេលជាច្រើនឆ្នាំ និងធ្វើឱ្យសង្រ្គាមកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ ក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ ដែលជាគូប្រជែងដ៏សំខាន់ ក្នុងតំបន់របស់អ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារ តាមអាកាសយ៉ាងជាក់លាក់មួយកាលពីថ្ងៃសុក្រ ខណៈដែលមេដឹកនាំក្រុមហេសបូឡាកំពុងជួបប្រជុំគ្នានៅឯទីស្នាក់ការកណ្តាល របស់ពួកគេក្នុងទីក្រុង Dahiyeh ភាគខាងត្បូងនៃទីក្រុង បេរ៉ូត ។

សេចក្តីថ្លែងការណ៍មួយពីក្រុមហេសបូឡា បាននិយាយថា លោក Nasrallah ដែលបានដឹកនាំក្រុមអស់រយៈពេលជាង ៣ទសវត្សរ៍ “ត្រូវបានសម្លាប់” ។ ក្រុមនេះបានប្តេជ្ញាថានឹង “បន្តសង្រ្គាមប្រឆាំងនឹងសត្រូវ និងគាំទ្រប៉ាឡេស្ទីន” បន្តទៀត ។

យោធាអ៊ីស្រាអែលបាននិយាយថា លោក Ali Karki មេបញ្ជាការ នៃរណសិរ្សភាគខាងត្បូងរបស់ ក្រុមហេសបូឡា និងមេបញ្ជាការផ្សេងទៀត ក៏ត្រូវបានសម្លាប់ផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top