បរទេស៖ គ្រួសារមួយមានគ្នាបីនាក់បានរងរបួស នៅពេលរថយន្តភីកអាប់របស់ពួកគេធ្លាក់ពី លើស្ពានអាកាសកម្ពស់ ១០ម៉ែត្រ ដែលកំពុងសាងសង់ក្នុងសង្កាត់ Lat Krabang ក្រុងបាងកក នៅព្រឹកព្រលឹមថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅលើស្ពានអាកាស ឡាតក្របាំង-អននុត កម្ពស់១០ម៉ែត្រ ដែលកំពុងសាងសង់លើផ្លូវប្រសព្វឡាតក្របាំង ជិតផ្លូវបំបែកសុខសាន្ត កាលពីវេលាម៉ោង ២ទៀបភ្លឺថ្ងៃអាទិត្យ។
ប៉ូលីស និងក្រុមសង្គ្រោះបានប្រញាប់ប្រញាល់ ទៅកន្លែងកើតហេតុ ហើយបានរកឃើញរថយន្តភីកអាប់ Isuzu ដែលរងការខូចខាតយ៉ាងដំណំ នៅក្បែររថយន្តដឹកទំនិញកង់ ២២ ដែលចតនៅលើផ្លូវក្បែររចនាសម្ព័ន្ធស្ពានអាកាស។
ជាក់ស្តែង រថយន្តភីកអាប់ បានធ្លាក់ពីលើស្ពានអាកាស ទៅបុកប៉ះនឹងរថយន្តដឹកទំនិញ ២២កង់ ហើយខ្ទាតមកជិតនោះ។
ក្រុមអ្នកជួយសង្គ្រោះបានទាញយកបុរសជាប្តីអាយុ ៣៣ ឆ្នាំ , ប្រពន្ធអាយុ ៣១ឆ្នាំ និងកូនស្រីអាយុ ១ឆ្នាំ ចេញពីរថយន្ត ហើយបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យក្នុងស្រុក។ អ្នកបើកបរបានប្រាប់ប៉ូលិសថា គាត់មើលមិនឃើញរបាំងនៅលើស្ពាន ដោយសារតែងងឹត ៕
ប្រែសម្រួលៈ ណៃ តុលា