ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា ខ្លួនបាញ់ទម្លាក់ និងស្ទាក់ចាប់យន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែនអស់ចំនួន ១២៥គ្រឿង

afp


ម៉ូស្គូ៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កងកម្លាំងការពារដែនអាកាសរបស់រុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែនអស់ចំនួន១២៥គ្រឿងក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ នៅក្នុងតំបន់ចំនួន៧ និងនៅលើដែនសមុទ្រ Azov ។

យោងតាមក្រសួងខាងលើបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន៦៧គ្រឿងត្រូវបានបាញ់ទម្លាក់នៅតំបន់ Volgograd ហើយចំនួន១៧គ្រឿងនៅលើតំបន់ Belgorod និងចំនួន១៧គ្រឿង នៅVoronezh និងចំនួន១៨គ្រឿងនៅតំបន់ Rostov ។

លើសពីនេះទៅទៀត យន្តហោះគ្មានមនុស្សបើកចំនួន០១គ្រឿងត្រូវបានស្ទាក់ចាប់នៅលើតំបន់ Bryansk, Kursk និង Krasnodar  ខណៈយន្តហោះគ្មានមនុស្សបើកចំនួន០៣គ្រឿងត្រូវបានហោះចំពីលើដែនសមុទ្រ Azov ។

ក្រោយពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បានបង្កជាអគ្គីភ័យជាច្រើនដែលបានឆាបឆេះនៅក្នុង និងជុំវិញទីក្រុង Voronezh ដោយសារតែកម្ទចកម្ទីបានធ្លាក់ចុះ ប៉ុន្តែសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បានបញ្ជាក់ថា អគ្គីភ័យទាំងអស់នោះត្រូវបានពន្លត់ចាប់តាំងពីពេលនោះដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top