បរទេស៖ យោធាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងបង្កើនសមត្ថភាពគាំទ្រផ្លូវអាកាសរបស់ខ្លួននៅមជ្ឈិមបូព៌ា និងដាក់កងទ័ពលើការត្រៀមខ្លួនខ្ពស់ក្នុងការដាក់ពង្រាយទៅកាន់តំបន់នេះ ខណៈដែលខ្លួនបានព្រមានអ៊ីរ៉ង់ប្រឆាំងនឹងការពង្រីកជម្លោះដែលកំពុងបន្ត។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីប្រកាសនេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានបញ្ជាឱ្យមន្ទីរបញ្ចកោណឱ្យកែសម្រួលឥរិយាបថកងកម្លាំងរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការសម្លាប់មេដឹកនាំក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ អាចជំរុញឱ្យទីក្រុងតេអេរ៉ង់មានការសងសឹកវិញ។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកប្តេជ្ញារារាំងប្រទេសអ៊ីរ៉ង់ និងដៃគូដែលគាំទ្រដោយអ៊ីរ៉ង់ និងប្រូកស៊ី ពីការកេងប្រវ័ញ្ចស្ថានភាព ឬពង្រីកជម្លោះ” ។
លោកក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់ ឬក្រុមគាំទ្រដោយទីក្រុងតេហេរ៉ង់ “ប្រើពេលវេលានេះដើម្បីកំណត់បុគ្គលិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ នោះសហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ដើម្បីការពារប្រជាជនរបស់យើង”។
សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណបានផ្តល់តម្រុយមួយចំនួនទាក់ទងនឹងទំហំ ឬវិសាលភាពនៃការដាក់ពង្រាយផ្លូវអាកាសថ្មី ដោយគ្រាន់តែនិយាយថា “យើងនឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពការពារដែនអាកាសរបស់យើងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ”។
អ៊ីស្រាអែលបានវាយប្រហារលើគោលដៅជាច្រើនទៀតក្នុងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ដោយសង្កត់ក្រុម Hezbollah ជាមួយនឹងការវាយប្រហារថ្មីបន្ទាប់ពីបានសម្លាប់មេដឹកនាំក្រុមលោក Sayyed Hassan Nasrallah និងមេបញ្ជាការកំពូលមួយចំនួនទៀតក្នុងយុទ្ធនាការយោធាដែលកំពុងកើនឡើង៕
ប្រែសម្រួលៈ ណៃ តុលា