ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋាន Miyazaki របស់ជប៉ុន បើកដំណើរការឡើងវិញ បន្ទាប់ពីបង្ខំឲ្យបិទ ដោយការបំផ្ទុះគ្រាប់បែក សល់ពីសង្គ្រាមលោកលើកទី២

kyodo

តូក្យូ៖ អាកាសយានដ្ឋាន Miyazaki នៅភាគនិរតីនៃប្រទេសជប៉ុន បានដំណើរការឡើងវិញ នៅព្រឹកថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីគ្រាប់បែកមិនទាន់ផ្ទុះកាលពីសម័យសង្គ្រាមលោកលើកទី២ បានបំផ្ទុះនៅលើផ្លូវតាក់ស៊ី ដោយបង្ខំឱ្យលុបចោល ជើងហោះហើរជាង ៨០។

យន្តហោះរបស់ក្រុមហ៊ុន Japan Airlines ទៅកាន់ហ្វូគូកា បានចេញដំណើរនៅម៉ោងប្រហែល ៧ និង ៤០នាទី ព្រឹក ដែលជាជើងហោះហើរដំបូងចាប់តាំងពីអាកាសយានដ្ឋាន ត្រូវបានបិទកាលពីថ្ងៃពុធ ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុ និងជួសជុលផ្លូវតាក់ស៊ី បន្ទាប់ពីការផ្ទុះ បានបន្សល់ទុកនូវរន្ធជម្រៅ ៧ម៉ែត្រ។

ជើងហោះហើរត្រូវបានគេរំពឹងថា នឹងដំណើរការជាធម្មតា លើកលែងតែកន្លែងដែលយន្តហោះ មិនមានដំណើរការ ដោយការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​មុន​ម៉ោង ៨ ព្រឹក​ថ្ងៃ​ពុធម្សិលមិញនេះ ដោយ​មិន​មាន​អ្នក​រង​របួស​ទេ។

កងកម្លាំងស្វ័យការពារ ដីគោកជប៉ុន បានឲ្យដឹងថា គ្រឿងផ្ទុះនេះ គឺជាគ្រាប់បែកទម្ងន់ ២៥០គីឡូក្រាម ពីសង្គ្រាមលោកលើកទី២ ហើយកំពុងស៊ើបអង្កេតពីរបៀបដែលវាផ្ទុះ។  រដ្ឋាភិបាលជប៉ុនបានឲ្យដឹងកាលពីថ្ងៃពុធថា គ្រាប់បែកដែលផលិត ដោយសហរដ្ឋអាមេរិក គឺជាមូលហេតុនៃការផ្ទុះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top