ព័ត៌មានអន្តរជាតិ

Update: ប៉ូលីសថៃថា ម្ចាស់ឡានដែលឆេះសម្លាប់សិស្ស និងគ្រូ២៣នាក់ គឺបានកែថ្នៃឡាន និងបំពាក់ហ្គាសខុសច្បាប់

Photos: Prasit Tangprasert

បរទេស៖ យោងតាមនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ប្រទេសថៃ បានឱ្យដឹងថា ម្ចាស់រថយន្តក្រុងដែលបានឆេះ និងសម្លាប់សិស្ស និងគ្រូបង្រៀនចំនួន ២៣នាក់នៅខេត្ត Pathum Thani គឺបានព្យាយាមលាក់បាំងព័ត៌មាន បំពាក់ហ្គាសនៅលើរថយន្តក្រុងផ្សេងទៀត។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Jirut Wisanjit អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនបាននិយាយថា បន្ទាប់ពីក្រុមហ៊ុនខកខាន មិនបានបញ្ជូនរថយន្តក្រុងចំនួន ៥ គ្រឿងសម្រាប់ការត្រួតពិនិត្យ កាលពីថ្ងៃព្រហស្បតិ៍តាមបញ្ជារួចមក ខាងមន្ត្រីបានរកឃើញរថយន្តទាំងនោះតាមរយៈប្រព័ន្ធ GPS នៅយានដ្ឋានមួយក្នុងខេត្ត Nakhon Ratchasima ហើយបានរឹបអូសយករថយន្តទាំងនោះ ខណៈពេលដែលឧបករណ៍ បំពាក់ហ្គាសនៅលើរថយន្ត គឺត្រូវបានដកចេញ។

លោក Jirut បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧបករណ៍បំពាក់ហ្គាសបន្ថែមដែលត្រូវបាន ដំឡើងដោយខុសច្បាប់នៅលើរថយន្តក្រុង ត្រូវបានដកចេញនៅយានដ្ឋានក្នុងឃុំ Khok Kruad នៃស្រុក Muang ក្នុងខេត្ត Nakhon Ratchasima ។

លោកបានថ្លែងថា «វាបង្ហាញពីចេតនាលាក់បាំងការប្រព្រឹត្តខុស នៃការកែប្រែយានយន្តខុសច្បាប់»។

ឡានក្រុងទាំង ៥ គឺជាផ្នែកមួយនៃកងឡានក្រុងចំនួន ៦ ដែលរួមមានឡានក្រុងដែលបានឆេះ និងបានសម្លាប់សិស្ស ២០ នាក់ និងគ្រូ ៣ នាក់មកពីខេត្ត Uthai Thani អំឡុងពេលធ្វើដំណើរទៅសិក្សាកាលពីថ្ងៃអង្គារ។

រថយន្តក្រុងដែលពាក់ព័ន្ធនឹងសោកនាដកម្ម កាលពីថ្ងៃអង្គារបានដំណើរការ អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ ហើយត្រូវបានកែប្រែ ឬកែច្នៃជាច្រើនដង។ វាត្រូវបានកែលម្អដើម្បីប្រើហ្គាស ប៉ុន្តែការដំឡើងនេះមិនមានស្តង់ដារទេ។ អាជ្ញាប័ណ្ណរបស់ប្រតិបត្តិករដែលមានមូលដ្ឋាននៅ Sing Buri របស់ខ្លួនគឺ Chinnaboot Engineering (Thailand) Co ត្រូវបានផ្អាកដោយរង់ចាំការស៊ើបអង្កេតបន្ថែម៕

ប្រែសម្រួលៈ ណៃ តុលា

To Top