ព័ត៌មានអន្តរជាតិ

G7 សម្តែងការព្រួយបារម្ភ អំពីស្ថានភាព កាន់តែយ៉ាប់យ៉ឺន នៅតំបន់មជ្ឈិមបូព៌ា

Xinhua

ឡុងដ៍៖ មេដឹកនាំក្រុមប្រទេសទាំង៧ (G7) កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងនូវការព្រួយ បារម្ភយ៉ាងខ្លាំង” ចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺន នៅតំបន់មជ្ឈិមបូព៌ា។

សេចក្តីថ្លែងការណ៍របស់ G7 ដែលចេញផ្សាយដោយ 10 Downing Street បានឲ្យដឹងថា “វដ្តដ៏គ្រោះថ្នាក់ នៃការវាយប្រហារ និងការសងសឹកនឹងបង្កឱ្យមានការកើនឡើង ដែលមិនអាចគ្រប់គ្រង បាននៅតំបន់មជ្ឈិមបូព៌ា។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំ G7 បានពិភាក្សាអំពី “កិច្ចខិតខំប្រឹងប្រែង និងសកម្មភាពសម្របសម្រួល” ដើម្បីជៀសវាងការកើនឡើងបន្ថែមទៀត នៃជម្លោះនៅក្នុងតំបន់ ដោយមិនបានបញ្ជាក់លម្អិតនោះទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា “យើងក៏សូមរំលឹកឡើងវិញ នូវការអំពាវនាវរបស់យើង ឱ្យមានបទឈប់បាញ់ ជាបន្ទាន់នៅតំបន់ហ្គាហ្សា ការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ ការកើនឡើងយ៉ាងសំខាន់ និងជានិរន្តរភាព នៃលំហូរជំនួយមនុស្សធម៌ និងការបញ្ចប់ជម្លោះ”។

ចំពោះជម្លោះដែលកំពុងកើនឡើង នាពេលថ្មីៗនេះ រវាងអ៊ីស្រាអែល និង ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ មេដឹកនាំនៃប្រទេស អភិវឌ្ឍន៍ធំៗ ទាំង៧ បានជំរុញឱ្យតួអង្គទាំងអស់ ការពារប្រជាជនស៊ីវិល ដោយថា ពួកគេប្តេជ្ញាផ្តល់ ជំនួយមនុស្សធម៌ ដើម្បីដោះស្រាយតម្រូវការបន្ទាន់ របស់ជនស៊ីវិល នៅក្នុងប្រទេសលីបង់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top