ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក Joe Biden ឆ្លើយជំនួសអ៊ីស្រាអែលថា អ៊ីស្រាអែលមិនទាន់សម្រេចចិត្តថា តើនឹងសងសឹក ជាមួយអ៊ីរ៉ង់យ៉ាងណានោះទេ

Xinhua

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលមិនទាន់សម្រេចចិត្តថាតើ ខ្លួននឹងឆ្លើយតបយ៉ាងណាចំពោះការ វាយប្រហារដោយមីស៊ីលរបស់ អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលនោះទេ ដោយលោកបានបន្ថែមថា អ៊ីស្រាអែលគួរតែពិចារណា មិនវាយប្រហារតំបន់ប្រេងរបស់អ៊ីរ៉ង់។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទ សារព័ត៌មាននៅសេតវិមានថា “អ៊ីស្រាអែលមិនទាន់បានសន្និដ្ឋានថា ពួកគេនឹងធ្វើអ្វីទាក់ទងនឹងការ វាយប្រហារដោយមីស៊ីលនេះនោះទេ។ នោះកំពុងស្ថិតក្រោមការពិភាក្សា” ។

លោក Joe Biden បាននិយាយថា “ខ្ញុំចង់ប្រាប់ពួកគេថា ខ្ញុំនឹងគិតអំពីជម្រើសផ្សេងទៀត ជាងការធ្វើការ​វាយប្រហារពី ដែនអាកាសទៅលើតំបន់ប្រេង”។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃអង្គារ អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងប្រមាណ ២០០ គ្រាប់ ទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងការកើនឡើងដ៏ធំនៃជម្លោះ រយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធក្នុងតំបន់របស់អ៊ីរ៉ង់។ យោធា​អ៊ីស្រាអែល​បាន​ស្ទាក់​ចាប់ ​មីស៊ីលភាគ​ច្រើន​ដោយ​មាន​ជំនួយ​ ពី​កង​ទ័ព​ជើង​ទឹក​អាមេរិក​ជាសម្ព័ន្ធមិត្ត។

ប្រធានាធិបតីអាមេរិកបាននិយាយ ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបង្ហាញខ្លួនដ៏កម្រ នៅក្នុងការអធិស្ឋានថ្ងៃសុក្រដោយប្រាប់ហ្វូងមនុស្សយ៉ាងច្រើន នៅឯវិហារអ៊ីស្លាម Grand Mosalla ក្នុងទីក្រុង Tehran ថា របបរបស់លោក នឹងមិនគាំទ្រអ៊ីស្រាអែលនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top