តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានណែនាំដល់រដ្ឋមន្ត្រីឱ្យរៀបចំផែនការផ្តល់ជំនួយសង្គ្រោះ ដែលត្រូវបានរចនាឡើង ដើម្បីគាំទ្រដល់គ្រួសារ ដែលកំពុងជួបបញ្ហាជាមួយនឹងតម្លៃនៃការចំណាយខ្ពស់ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ មុនពេលការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា។
នៅក្នុងសន្និសីទសារព័ត៌មាន មួយ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានឲ្យដឹងថា រដ្ឋាភិបាលក៏គ្រោង នឹងចងក្រងសេចក្តីព្រាងថវិកាបន្ថែម សម្រាប់សារពើពន្ធឆ្នាំ២០២៤ រហូតដល់ខែមីនា ដើម្បីផ្តល់មូលនិធិដល់វិធានការ សេដ្ឋកិច្ចភ្លាមៗបន្ទាប់ពីការបោះឆ្នោតសភាតំណាងរាស្រ្ត។
លោក Ishiba បានសន្យាថា នឹងរក្សាគោលនយោបាយសេដ្ឋកិច្ច ដែលត្រូវបានផ្សព្វផ្សាយ ដោយអ្នកកាន់តំណែង មុនរបស់លោក គឺលោក ហ្វូមីអូ គីស៊ីដា ដែលបានចាត់វិធានការដើម្បីទប់ស្កាត់ ផលប៉ះពាល់អវិជ្ជមាន នៃការដំឡើងតម្លៃដែលលើសពីកំណើនប្រាក់ឈ្នួល ដូចជាការផ្តល់សាច់ប្រាក់ដល់គ្រួសារ ដែលមានចំណូលទាប និងការឧបត្ថម្ភធនដល់ក្រុមហ៊ុនតូចៗ។
អ្នកវិភាគនយោបាយបានឲ្យដឹងថា ចំណាត់ការចុងក្រោយបំផុត របស់នាយករដ្ឋមន្ត្រីថ្មី គឺជាក់ស្តែងក្នុងគោលបំណង បង្កើនប្រជាប្រិយភាពនៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់គាត់នៅក្នុងការបោះឆ្នោតសកល ខណៈដែលយុទ្ធនាការផ្លូវការនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៥ ខែតុលា។
លោក Ishiba ដែលបានបម្រើការ ជារដ្ឋមន្ត្រីស្តារឡើង វិញក្នុងតំបន់ដំបូង គេរបស់ប្រទេសជប៉ុន អស់រយៈពេលប្រហែល មួយឆ្នាំរហូតដល់ឆ្នាំ២០១៦ បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធ្វើវិមជ្ឈការថាមពលពីទីក្រុងតូក្យូ និងពង្រឹងសេដ្ឋកិច្ច ក្នុងស្រុក សម្រាប់កំណើនប្រកបដោយចីរភាពរបស់ប្រទេស។
ដោយសារប្រទេសជប៉ុន តែងតែទទួលរង ការរញ្ជួយដី និងព្យុះទីហ្វុង ក្នុងនោះលោក Ishiba ក៏បានសន្យាថា នឹងប្រើប្រាស់ការ ចំណាយសាធារណៈបន្ថែមទៀត ដើម្បីពង្រឹងភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិ និងបង្កើតទីភ្នាក់ងារ ឬក្រសួងដែលខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានេះ៕
ប្រែសម្រួល ឈូក បូរ៉ា