ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្ដេជ្ញាឈរ​ជា មួយ​ក្រុមហេសបូឡា គាំទ្រ​កិច្ចប្រឹងប្រែង ​បទ​ឈប់​បាញ់​នៅ​លីបង់ និងហ្គាហ្សា

Xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានបញ្ជាក់ថា ប្រទេសរបស់លោកនឹង ឈរជាមួយក្រុមហេសបូឡា ហើយតែងតែគាំទ្រប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន។

លោក Araghchi បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំពីរដាច់ ដោយឡែកពីគ្នាជាមួយប្រធានសភាលីបង់ លោក Nabih Berri និងនាយករដ្ឋមន្ត្រីលោក Najib Mikati ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងបេរូត។

លោក Araghchi បានពិពណ៌នាអំពីដំណើរទស្សនកិច្ចរបស់លោក ក្រោមកាលៈទេសៈដ៏លំបាកនាពេលបច្ចុប្បន្ន ថាជាភស្តុតាងដ៏ល្អបំផុតដែលថា អ៊ីរ៉ង់ឈរជាមួយក្រុមហេសបូឡា ដោយអស់ពីសមត្ថភាព និងជាកាយវិការ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយក្រុមស៊ីអ៊ីតនៅលីបង់ និងប្រជាជនលីបង់ទាំងមូល ។

រដ្ឋមន្ត្រីរូបនេះ បានហៅការវាយប្រហារ ដោយមីស៊ីល កាលពីថ្ងៃអង្គាររបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែលថាជា “ការការពារខ្លួន ដោយស្របច្បាប់ ដោយផ្អែកលើគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ”។

លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនមានផែនការ បន្តការវាយប្រហារនោះទេ លុះត្រាតែអ៊ីស្រាអែលសម្រេចចិត្ត បន្តការវាយប្រហាររបស់ខ្លួន ដោយព្រមានថា ប្រសិនបើអ៊ីស្រាអែល ចាត់វិធានការ ឬសកម្មភាពណាមួយប្រឆាំងនឹងអ៊ីរ៉ង់ ការឆ្លើយតបនឹងខ្លាំងជាង និងសមាមាត្រទៅតាមការវាយប្រហារនោះវិញ។

លោក Araghchi បានចង្អុលបង្ហាញថា ការពិភាក្សារបស់លោក ជាមួយមន្ត្រីលីបង់ ផ្តោតលើបទឈប់បាញ់ ហើយថាការពិគ្រោះយោបល់កំពុងបន្តជា មួយបណ្តាប្រទេសពាក់ព័ន្ធ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top