តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួននឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីទិញឧស្ម័នធម្មជាតិរាវពីក្រុមហ៊ុនថាមពលអ៊ីតាលី ដ៏សំខាន់មួយក្នុងអំឡុងពេលមានអាសន្ន ខណៈដែលការព្រួយបារម្ភអំពី ការផ្គត់ផ្គង់ថាមពលបានកើនឡើង កាន់តែខ្លាំងជាមួយនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងអូសបន្លាយ និងជម្លោះកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈឹមបូព៌ា។
ប្រទេសជប៉ុន នឹងអាចទិញ LNG ពីក្រុមហ៊ុនថាមពលយក្ស Eni ដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម តាមរយៈអង្គការជប៉ុន ដែលគាំទ្រដោយរដ្ឋាភិបាល សម្រាប់លោហៈ និងសន្តិសុខថាមពល ក្រោមកិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាជាមួយរដ្ឋាភិបាលអ៊ីតាលី ដែលកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Eni ។
ព័ត៌មានលម្អិតដូចជាបរិមាណទិញ និងតម្លៃមិនទាន់ត្រូវបានសម្រេចនៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ក្រុមហ៊ុន Eni កំពុងស្វែងរកការគាំទ្រ ពីក្រុមហ៊ុនជប៉ុនសម្រាប់គម្រោង LNG នៅប្រទេសម៉ូហ្សំប៊ិក ភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក ជាថ្នូរនឹងកិច្ចព្រមព្រៀងទិញ LNG នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។
ប្រទេសជប៉ុន បានបង្កើនការនាំចូល LNG ដើម្បីដំណើរការរោងចក្រកំដៅបន្ថែមទៀត ក្នុងករណីដែលគ្មានថាមពលនុយក្លេអ៊ែរ បន្ទាប់ពីវិបត្តិនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ឆ្នាំ២០១១។ តម្លៃ LNG កើនឡើងបន្ទាប់ពីការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន ដោយដំឡើងថ្លៃអគ្គិសនី និងឧស្ម័ន។
បន្ថែមពីលើនេះ ស្ថានការណ៍នៅមជ្ឈិមបូព៌ា កាន់តែតានតឹងជាមួយការ បាញ់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់នៅអ៊ីស្រាអែល កាលពីសប្តាហ៍មុន ក្នុងការសងសឹក ចំពោះការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលនៅទីក្រុងបេរូត និងសកម្មភាពយោធាថ្មីៗផ្សេងទៀត។
ការព្រួយបារម្ភបានកើនឡើងថា អ៊ីរ៉ង់អាចនឹងបិទផ្លូវឆ្លងកាត់ច្រកសមុទ្រហូម៉ូស ដែលជាផ្លូវដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន LNG រួមទាំងអ្នកផលិតឈានមុខគេផ្សេងទៀត កាតា និងអារ៉ឆប៊ីសាអូឌីត ចំពេលមានជម្លោះ៕
ប្រែសម្រួល ឈូក បូរ៉ា