ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជួបសន្ទនាតាមទូរស័ព្ទ អំពីស្ថានការណ៍មជ្ឈិមបូព៌ា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកក្រោយមកបានរិះគន់ ការអំពាវនាវ របស់មេដឹកនាំបារាំង ឱ្យដាក់ទណ្ឌកម្មអាវុធ លើអ៊ីស្រាអែល ។
សេចក្តីថ្លែងការណ៍មួយពីវិមាន Elysee បានកត់សម្គាល់ថា មេដឹកនាំទាំងពីរបានទទួលស្គាល់ នូវទស្សនៈផ្សេងគ្នារបស់ពួកគេ ហើយបានសង្កត់ធ្ងន់ ទៅលើបំណងប្រាថ្នាទៅវិញទៅមក របស់ពួកគេ សម្រាប់ការយល់ដឹងកាន់តែប្រសើរឡើង ។
លោក ម៉ាក្រុង ក៏បានប្រាប់លោក ណេតាន់យ៉ាហ៊ូ នូវជំនឿរបស់លោកថា ឥឡូវនេះដល់ពេល សម្រាប់បទឈប់បាញ់ហើយ។ “ការផ្តល់សព្វាវុធ ការអូសបន្លាយនៃសង្រ្គាម នៅតំបន់ហ្គាហ្សា និងការពង្រីកខ្លួនទៅកាន់ប្រទេសលីបង់ មិនអាចបង្កើតសន្តិសុខ ដែលរំពឹងទុកដោយអ៊ីស្រាអែល និងដោយមនុស្សគ្រប់រូបនៅក្នុងតំបន់នោះទេ។
នៅមុនថ្ងៃគម្រប់ខួបដំបូងនៃការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែល លោក ម៉ាក្រុង ក៏បានបញ្ជាក់សារជាថ្មី អំពីសាមគ្គីភាពរបស់ប្រជាជនបារាំង ជាមួយប្រជាជនអ៊ីស្រាអែល ជាពិសេសជនរងគ្រោះ ចំណាប់ខ្មាំង និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។
ទំនាក់ទំនងបារាំង-អ៊ីស្រាអែល កាន់តែតានតឹងកាលពីចុងសប្តាហ៍ បន្ទាប់ពីបទសម្ភាសន៍តាមវិទ្យុរបស់លោក ម៉ាក្រុង កាលពីល្ងាចថ្ងៃសៅរ៍ ជាកន្លែងដែលលោកបានសង្កត់ធ្ងន់ លើតម្រូវការក្នុងការកំណត់អាទិភាព នៃដំណោះស្រាយនយោបាយ និងបានអំពាវនាវឱ្យបញ្ឈប់ ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល សម្រាប់ប្រតិបត្តិការរបស់ខ្លួន នៅតំបប់ហ្គាហ្សា។
នៅក្នុងនោះដែរលោក ណេតាន់យ៉ាហ៊ូ បានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះគោលជំហរនេះ ដោយថា “ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងមេដឹកនាំលោកខាងលិចផ្សេងទៀត ឥឡូវនេះកំពុងតស៊ូមតិ សម្រាប់ការដាក់ទណ្ឌកម្មអាវុធលើប្រទេសអ៊ីស្រាអែល “ពិតជាខ្មាសគេណាស់” លោកបានប្តេជ្ញាថា អ៊ីស្រាអែលនឹងឈ្នះដោយមិនគិតពីការគាំទ្រពីខាងក្រៅ៕
ប្រែសម្រួល ឈូក បូរ៉ា