ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលកូរ៉េខាងជើង នឹងមិនអនុញ្ញាតឲ្យមានការបំផ្លិចបំផ្លាញ តុល្យភាពនៃកងកម្លាំងនៅលើ ឧបទ្វីបកូរ៉េជាដាច់ខាត

Xinhua

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា មេដឹកនាំកំពូលរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) នឹងមិនអនុញ្ញាតឱ្យមានការបំផ្លិចបំផ្លាញ តុល្យភាពនៃកម្លាំងនៅលើឧបទ្វីបកូរ៉េនោះទេ ប៉ុន្តែត្រូវអភិវឌ្ឍវិទ្យាសាស្ត្រ និងឧស្សាហកម្មការពារជាតិ ដើម្បីជំរុញការរារាំងសង្គ្រាមកើតឡើង ហើយសម្រាប់ជាការការពារខ្លួន “គ្មានដែនកំណត់” ។

លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ នៅក្នុងអំឡុងថ្លែងសុន្ទរកថា នៅឯសាកលវិទ្យាល័យការពារជាតិ គីម ជុងអ៊ុន កាលពីថ្ងៃចន្ទ ។

បើយោងតាមរបាយការណ៍ចេញដោយទីភ្នាក់ងារ KCNAបានឲ្យដឹងថា នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់បុគ្គលិកបង្រៀន និងនិស្សិតនៃសាលាយោធាវរជន លោក គីម បានគូសបញ្ជាក់អំពីសុពលភាពនៃ តក្កវិជ្ជារបស់កូរ៉េខាងជើងក្នុងការ កសាងសមត្ថភាពការពារខ្លួន ដោយបានថ្លែងថា ប្រទេសយើងគួរតែមានកម្លាំងរាងកាយ ដែលមានសមត្ថភាពជានិច្ចក្នុងការរារាំងសត្រូវ និងរក្សាស្ថានការណ៍ឱ្យស្ថិតក្រោមការគ្រប់គ្រង។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា លោកក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការដើម្បី “បន្សាបសកម្មភាពយោធាឈ្លានពាន និងផ្សងព្រេងរបស់ចក្រពត្តិនិយម ជាមួយនឹងឧត្តមភាពដាច់ខាតនៃសមត្ថភាព វិទ្យាសាស្ត្របច្ចេកវិទ្យាការពារជាតិ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top