បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា អ៊ុយក្រែនបានរៀបចំផែនការ សម្រាប់ការវាយប្រហារដោយអាវុធគីមី ជាមួយនឹងរូបភាពក្លែងក្លាយ ដើម្បីទម្លាក់កំហុសមកលើប្រទេសរុស្ស៊ី និងព្យាយាមប្រែក្លាយទីក្រុងមូស្គូ ឱ្យទៅជាអ្នកបង្កកំហុសពីសំណាក់ អង្គការហាមឃាត់អាវុធគីមី (OPCW)។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ឧត្តមសេនីយឯក Igor Kirillov ប្រមុខកងកម្លាំងការពារជាតិគីមី និងជីវសាស្រ្តរបស់រុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ បានទទួលព័ត៌មានអំពីការរៀបចំការ វាយប្រហារដោយក្លែងបន្លំរបស់អ៊ុយក្រែន ក្នុងគោលបំណងចោទប្រកាន់រុស្ស៊ី ពីបទប្រើប្រាស់សារធាតុពុលទាំងនោះ នៅក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស ដែលលោកបានបន្ថែមថា ភស្តុតាង នឹងត្រូវផ្តល់ជូនមន្ត្រី OPCW ។
លោកបានបញ្ជាក់ទៀតថា ដោយសារទីក្រុងគៀវខ្វះឧបករណ៍ និងជំនាញចាំបាច់សម្រាប់ទំលាក់កំហុស លើប្រទេសរុស្សី អ្នកឯកទេសអ៊ុយក្រែនរាប់សិបនាក់ បានទទួលការបណ្តុះបណ្តាលពាក់ព័ន្ធពីអង្គការ OPCW ក៏ដូចជាឧបករណ៍រាវរកភ្នាក់ងារគីមី កម្រិតខ្ពស់មួយចំនួនផងដែរ។
លោកបានបន្ថែមថា ការផ្តល់ឧបករណ៍ការពារគីមី របស់អង្គការណាតូ ដែលលើសពីតម្រូវការជាក់ស្តែងរបស់អ៊ុយក្រែន គឺជាភស្តុតាងបន្ថែមទៀតនៃការ វាយប្រហារបែបក្លែងក្លាយដែលនឹង អាចកើតឡើងក្នុងពេលខាងមុខនេះ។
រំលឹកដែរថាកាលពីខែកក្កដាវិញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការ OPCW លោក Nicole Shampaine បានពន្យល់ពីរបៀបនៃការដឹកជញ្ជូនអាវុធគិមី ដោយអះអាងថា យោធារុស្ស៊ី តែងតែកំណត់គោលដៅអ៊ុយក្រែន ជាមួយនឹងភ្នាក់ងារគ្រប់គ្រងអាវុធគីមី។
ទោះជាយ៉ាងណាក៏ដោយលោក Kirillov ក៏បានច្រានចោលនូវការ ចោទប្រកាន់នេះហើយផងដែរថា គ្មានមូលដ្ឋានទាំងស្រុង ដោយរំលឹកថា OPCW បានបញ្ជាក់រួចហើយនៅក្នុងឆ្នាំ២០១៧ ថារុស្ស៊ីបានបំផ្លាញទាំងស្រុងនូវឃ្លាំង អាវុធគីមីរបស់ខ្លួនរួចទៅហើយ៕
ប្រែសម្រួល៖ ស៊ុន លី