បរទេស៖ ប្រភពគណបក្សមួយបានប្រាប់ AFP ប៉ុន្មានថ្ងៃបន្ទាប់ពីត្រូវបានដោះលែងពីមន្ទីរឃុំឃាំងរបស់របបយោធា ដោយហេតុផលសុខភាព សម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេដឹកនាំប្រជាធិបតេយ្យមីយ៉ាន់ម៉ា គឺលោកស្រី អ៊ុងសាន ស៊ូជី បានទទួលមរណភាពហើយ ដោយសារជំងឺមហារីកឈាមកាលពីថ្ងៃចន្ទ (ទី៧ ខែតុលា)។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Zaw Myint Maung វ័យ ៧២ឆ្នាំ ដែលបានចំណាយពេលប្រហែល ២ ទសវត្សរ៍នៅក្នុងពន្ធនាគារពីបទ ផ្គើននឹងយោធារបស់មីយ៉ាន់ម៉ា គឺជាមនុស្សជិតស្និទ្ធនឹងលោកស្រី អ៊ុងសាន ស៊ូជី និងជាមេទ័ពនៃសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។
លោកត្រូវបានចាប់ខ្លួនបន្ទាប់ពីរដ្ឋប្រហារចុងក្រោយរបស់យោធានៅឆ្នាំ២០២១ ហើយត្រូវបានជាប់គុកពីបទពុករលួយ និងការចោទប្រកាន់ផ្សេងទៀត។ ថ្មីៗនេះ គាត់ត្រូវបានដោះលែងដោយហេតុផលសុខភាព។
ប្រភពជាន់ខ្ពស់គណបក្សមួយបានប្រាប់ AFP ដោយសុំមិនបញ្ចេញឈ្មោះដើម្បីនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា “យើងបានទទួលការបញ្ជាក់អំពីការស្លាប់របស់គាត់។ វាជាការបាត់បង់ដ៏ធំមួយសម្រាប់ពួកយើង ខណៈដែលគាត់គឺជាអនុប្រធានគណបក្ស NLD របស់យើង” ។
ប្រភពបានឲ្យដឹងថា លោក Zaw Myint Maung បានស្លាប់ដោយសារជំងឺមហារីកឈាម។
“ទោះបីជាយើងត្រៀមខ្លួនរួចហើយ យើងអាចបាត់បង់គាត់នៅថ្ងៃណាមួយក៏ដោយ យើងសោកស្តាយចំពោះការបាត់បង់គាត់ក្នុងស្ថានភាពដ៏លំបាកនេះ។ យើងត្រូវតែឆ្ពោះទៅមុខដើម្បីលទ្ធិប្រជាធិបតេយ្យជាមួយមេដឹកនាំដែលយើងមាន”។
ប្រែសម្រួលៈ ណៃ តុលា