ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រារព្ធ​ខួប ១ឆ្នាំ​ នៃ​ការ​វាយប្រហារ​ ដោយក្រុម​ហាម៉ាស់

Xinhua

យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានប្រារព្ធខួបលើកទីមួយ នៃការវាយលុកដ៏សាហាវ របស់ពួកហាម៉ាសកាលពីខែតុលា ឆ្នាំមុន ដែលជាការវាយប្រហារមួយ ដែលបានធ្វើឱ្យសហគមន៍ ភាគខាងត្បូងមានការភ្ញាក់ផ្អើល បញ្ឆេះសង្រ្គាម និងបង្កឱ្យមានការភ័យខ្លាច នៃជម្លោះមជ្ឈិមបូព៌ា កាន់តែទូលំទូលាយ។

ពិធីរំលឹកវិញ្ញាណក្ខន្ធបានចាប់ផ្តើមនៅម៉ោង ៦ និង ២៩នាទី ព្រឹក ម៉ោងក្នុងស្រុក ដែលជាពេលវេលាពិតប្រាកដ ដែលក្រុមយុទ្ធជនហាម៉ាស់ បានរំលោភលើរបងព្រំដែន ហើយបានបើកការវាយឆ្មក់ ដ៏សាហាវដោយសម្លាប់ជនស៊ីវិលនៅផ្ទះ និងក្នុងពិធីបុណ្យតន្ត្រីមួយ។

មនុស្សជាង ១២០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដំបូងដោយ ២៥១ នាក់ត្រូវបានចាប់ពង្រត់។  មន្ត្រី​អ៊ីស្រាអែល​បានឲ្យដឹងថា ចំណាប់ខ្មាំង ១០១ នាក់​នៅ​តែ​បន្ត​នៅ​តំបន់​ហ្គាហ្សា ដែល​ប្រហែល​ពាក់​កណ្តាល​នៃ​ពួកគេ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ស្លាប់​ក្នុង​ការ​ចាប់​ខ្លួន។

ពេញមួយថ្ងៃ ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុអ៊ីស្រាអែល បានធ្វើការផ្សាយផ្ទាល់ ពីអ្នកនៅរស់រានមានជីវិត និងគ្រួសារ ដែលមានទុក្ខសោក។  ការ​វាយ​លុក​និង​ផល​វិបាក ​របស់​វា​មាន​ផល​ប៉ះ​ពាល់​ជា​យូរ​មក​ហើយ ខណៈ​ដែល​អ៊ីស្រាអែល បន្ត​ប្រតិបត្តិការ​យោធា​ របស់​ខ្លួន​នៅ​តំបន់ហ្គាហ្សា។

អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា បានរាយការណ៍ថាមានអ្នកស្លាប់ជិត ៤២,០០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ដែលជាលទ្ធផលនៃការវាយប្រហារ តាមអាកាស និងការបាញ់កាំភ្លើងធំ របស់អ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារនៅខែតុលាមក។

អង្គការសហប្រជាជាតិ បានព្រមានអំពីវិបត្តិមនុស្សធម៌ “ដ៏មហន្តរាយ” ដោយលើកឡើងពីគ្រោះទុរ្ភិក្ស និងជំងឺដែលរីករាលដាល បន្ទាប់ពីការបិទផ្លូវរបស់អ៊ីស្រាអែល នូវធនធានសំខាន់ៗទៅកាន់តំបន់នោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top